“សហ​ប្រធាន​កិច្ចព្រមព្រៀង​ប៉ារីស​នឹង​​ឲ្យ​លោក ហ៊ុន សែន គោរព​លទ្ធិប្រជាធិបតេយ្យ​វិញ”


លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូល​រួម​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា អាណត្តិ​ទី​៤ នៅ​ការិយាល័យ​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​២៥ កុម្ភៈ ឆ្នាំ​២០១៨។ Photo courtesy of SPM's page
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចូល​រួម​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា អាណត្តិ​ទី​៤ នៅ​ការិយាល័យ​ក្នុង​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​២៥ កុម្ភៈ ឆ្នាំ​២០១៨។ Photo courtesy of SPM’s page

អ្នកវិភាគ​លើកឡើង​ថា ប្រទេស​ជា​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នឹង​មិន​នៅ​ស្ងៀម​ទៀត​ទេ បើសិនជា​របប​ក្រុងភ្នំពេញ​នៅតែ​បោះជំហាន​ទៅមុខ អំពី​ការដឹកនាំ​បែប​ផ្ដាច់ការ និង​គ្មាន​គណបក្សប្រឆាំង​ធំ​ជាងគេ​ចូលរួម​ការបោះឆ្នោត​ថ្ងៃ​ទី​២៩ កក្កដា ខាងមុខ​ទេ​នោះ។
លោក សម រង្ស៊ី កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ធ្វើ​យុទ្ធនាការ​ជាមួយ​ប្រទេស ជា​អតីត​សហប្រធាន​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ដើម្បី​ឲ្យ​ជួយ​ជំរុញ​របប​លោក ហ៊ុន សែន អនុវត្ត​តាម​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ឡើងវិញ។
អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម​លោក​បណ្ឌិត មាស នី មើលឃើញ​ថា បេសកម្ម​របស់​លោក សម រង្ស៊ី ជួប​តំណាង​ប្រទេស​ជា​សហប្រធាន​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ជា​រឿង​ល្អ​មួយ​ដែល​ប្រទេស​ទាំងនោះ នឹង​ជំរុញ​ឲ្យ​របប​របស់​លោក ហ៊ុន សែន ឲ្យ​ងាក​មក​គោរព​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ។
លោក បណ្ឌិត មាស នី បន្ថែម​ថា បើសិនជា​ស្ថានភាព​នយោបាយ​កាន់តែ​ចម្រូងចម្រាស និង​គ្មាន​ដំណោះស្រាយ​នយោបាយ​ទេ ភាគី​ដែល​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​នឹង​កាន់តែ​ចាប់អារម្មណ៍​ពី​នយោបាយ នៅ​កម្ពុជា ហើយ​ក៏​នឹង​ធ្វើ​ឲ្យ​កិច្ចព្រមព្រៀង​នេះ មាន​ប្រសិទ្ធភាព​ឡើងវិញ។ «»
កា​រលើ​ឡើង​របស់​លោក បណ្ឌិត មាស នី នេះ នៅ​ក្រោយ​ពេល​លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ និង​មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​មួយចំនួន​ទៀត បាន​ទៅ​ជួប​មន្ត្រី​ជាន់ខ្ពស់​រដ្ឋាភិបាល​អូស្ត្រាលី ជប៉ុន និង​ចុងក្រោយ​ជួប​មន្ត្រី​រដ្ឋាភិបាល និង​ប្រធាន​ស្ដីទី​ប្រធាន​សភា​ឥណ្ឌូណេស៊ី ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ទៅលើ​របប​លោក ហ៊ុន សែន ឲ្យ​ងាក​មក​គោរព​លទ្ធិប្រជាធិបតេយ្យ និង​បើក​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជា​គណបក្សប្រឆាំង​ធំ​ជាងគេ បាន​ចូលរួម​បោះឆ្នោត​នៅ​ខែ​កក្កដា ឆ្នាំ​២០១៨​ខាងមុខ។ ទោះបី​កន្លង​មក លោក ហ៊ុន សែន បាន​ព្រមាន​ចាប់ខ្លួន​លោក សម រង្ស៊ី ប្រសិនបើ​លោក​ហ៊ាន​ធ្វើដំណើរ​មកកាន់​តំបន់​អាស៊ី​ក៏ដោយ ប៉ុន្តែ​លោក​សម រង្ស៊ី អាច​ធ្វើ​សកម្មភាព​ដោយ​សេរី គ្មាន​ការ​ធ្វើទុក្ខបុកម្នេញ​ឡើយ។ មន្ត្រី​ក្រសួងមហាផ្ទៃ​របប​លោក ហ៊ុន សែន មិន​ឆ្លើយ​សំណួរ​អាស៊ីសេរី ជុំវិញ​ការ​គំរាម​ចាប់ខ្លួន​របស់ លោក ហ៊ុន សែន នោះ​ទេ។
លោក សម រង្ស៊ី នៅ​ពេល​លោក បាន​ជួប​ប្រធាន​ស្ដីទី​រដ្ឋសភា មន្ត្រី​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី ដើម្បី​ស្វះ​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​វិបត្តិ​នយោបាយ​នៅ​កម្ពុជា បាន​ព្រមាន​ជាថ្មី​ម្ដង​ទៀត​ថា ចលនា​របស់​លោក នឹង​ងើប​បះបោរ​ឡើង​នៅ​កម្ពុជា ប្រសិនបើ​ពុំ​មាន​វត្តមាន​គណបក្ស​ប្រឆាំង នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ ខែ​កក្កដា ខាងមុខ​ទេ​នោះ។
លោក សម រង្ស៊ី ប្រាប់​កាសែត​អនឡាញ Tempo របស់​ឥណ្ឌូនេស៊ី​ថា ជា​រឿង​ចម្លែក​ដែល​ការ​បោះឆ្នោត ធ្វើ​ឡើង​ដោយ​ពុំ​មាន​វត្តមាន​របស់​គណ​បក្ស​ប្រឆាំង។ លោក​បន្ត​ថា បើ​ទោះ​បី​ជា​គណបក្ស​របស់​លោក ត្រូវ​បាន​របប​លោក ហ៊ុន សែន រម្លាយ​មែនពិត ក៏ប៉ុន្តែ​ស្មារតី​នៃ​ការ​ស្រលាញ់​គណបក្ស​នេះ នៅ​តែ​មាន​នៅ​ក្នុង​ផ្នត់គំនិត​ពលរដ្ឋ​ខ្មែរ​ជា​ដដែល។ លោក​ទាមទារ​ឲ្យ​របប​ក្រុងភ្នំពេញ ត្រូវតែ​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះជាតិ ចូលរួម​ប្រកួតប្រជែង ដោយ​ស្មើភាព​នៅ​ក្នុង​ការបោះឆ្នោត​ខាងមុខនេះ។
លោក សម រង្ស៊ី ព្រមាន​ថា ហេតុផល​មួយ​ដែល​បណ្ដាល​ឲ្យ​មាន​ចលនា​ងើប​បះបោរ​ឡើង​នៅ​តាម​បណ្ដា​ប្រទេស​ក្នុង​តំបន់​មជ្ឈិមបូព៌ា គឺ​ដោយសារតែ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងនោះ ប្រកាន់យក​របប​ផ្ដាច់ការនិយម ដែល​មិនមែន​ជា​របប​ប្រជាធិបតេយ្យ តួ​យ៉ាងដូច​អ្វី​ដែល​កំពុងតែ​កើតមាន​ស្រាប់​នៅ​ក្នុង​ប្រទេស​ស៊ីរី និង​ប្រទេស​លីប៊ី បច្ចុប្បន្ន​នេះ។
លោក សម រង្ស៊ី នៅតែ​បន្ត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​កុំ​ទៅ​បោះឆ្នោត នៅ​ថ្ងៃ​ទី​២៩ កក្កដា នេះ​ឲ្យ​សោះ ប្រសិនបើ​គ្មាន​ឈ្មោះ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​លើ​សន្លឹកឆ្នោត។
ឆ្លើយតប​និង​បញ្ហា​នេះ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​សរសេរ​នៅ​ក្នុង​តេឡេហ្គ្រាម (Telegram) នៅ​ថ្ងៃ​ទី​១៨ មេសា លោក សុខ ឥសាន បាន​ហៅ​មន្ត្រី​បក្ស​ប្រឆាំង ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី ថា ជា​ពួក​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ បាន​ខិតខំ​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជាច្រើន​នៅ​លើ​ពិភពលោក ដើម្បី​ស្វែងរក​ការ​អន្តរាគមន៍​ឲ្យ​គណបក្ស​សង្គ្រោះជាតិ បាន​ចូលរួម​បោះឆ្នោត​នៅ​ខែ​កក្កដា​ខាងមុខនេះ ថា​ជា​រឿង​គ្មាន​ប្រយោជន៍ ហើយ​ថា ក្រុម​គណបក្ស​ប្រឆាំង​នេះ គ្មាន​ការ​ទទួល​ស្គាល់​ពី​សហគមន៍​អន្តរជាតិ​ឡើយ។
ទាក់ទង​នឹង​បញ្ហា​នេះ លោក បណ្ឌិត មាស នី លើកឡើង​ថា បើសិនជា​ការបោះឆ្នោត​នៅ​ថ្ងៃ​ទី​២៩ កក្កដា ខាងមុខនេះ គ្មាន​ការចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ​នោះ រដ្ឋាភិបាល​ថ្មី​ទៅវិញ​ទេ ដែល​ប្រឈម​នឹង​ការ​មិន​ទទួលស្គាល់​ពី​សហគមន៍​អន្តរជាតិ​នោះ។ «»
នាយក​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch លោក ប៊្រេដ អាដាម (Brad Adams) អះអាង​ថា លោក ហ៊ុន សែន ជា​មនុស្ស​សហាវ គ្មាន​ធម៌​មេត្តា ចំពោះ​អ្នកណា​ដែល​ប្រឆាំង​លោក កុំថាឡើយ​លោក​ត្រូវ​រំលាយ​គណបក្ស​សង្គ្រោះជាតិ សូម្បីតែ​ផ្ទៃក្នុង​បក្ស​របស់​លោក ក៏​លោក​ហ៊ាន​ធ្វើ​ដែរ។ ចុងក្រោយ​នេះ លោក ហ៊ុន សែន គ្រប់គ្រង​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងស្រុង។ អ្នក​ដែល​គ្រប់គ្រង​បក្ស​កាន់អំណាច គឺជា​អ្នក​ដែល​បញ្ជា​ទ័ព កងរាជអាវុធហត្ថ និង​តុលាការ។ ដោយសារ​ហេតុផល​នេះ ទើប​គាត់​អាច​ទប់ស្កាត់​ការ​ជែង​អំណាច ក្នុង​ជួរ​បក្ស​កាន់អំណាច​បាន ដើម្បី​អាច​បន្ត​ក្រាញ​អំណាច ក្នុង​ជួរ​បក្ស​កាន់អំណាច​បាន​យូរ​នេះ គឺ​មកពី​លោក ហ៊ុន សែន ប្រើប្រាស់​អំពើពុករលួយ កម្លាំង​ទ័ព និង​​​​​តុលាការ ដើម្បី​ទប់ទល់​រាល់​ចលនា​ប្រឆាំង​លោក។ លោក​បញ្ជាក់​ថា នៅ​ក្នុង​ជួរ​បក្ស​របស់​លោក មាន​មនុស្ស​ច្រើន​ណាស់ ដែល​មិន​ពេញចិត្ត នឹង​ការដឹកនាំ​របស់​លោក ប៉ុន្តែ ពួកគាត់​មិន​អាច​ធ្វើ​អ្វី​បាន ដោយសារ​ពួកគេ​ខ្លាច​ភាព​សហាវ​របស់​លោក។ អ្នកវិភាគ លើកឡើង​ថា បើសិនជា​របប​លោក ហ៊ុន សែន មិន​ធ្វើ​ឲ្យ​ស្ថានភាព​នយោបាយ​វិល​មក​រក​ប្រក្រតី​ទេ អំពើ​អសន្តិសុខ​ក្នុង​ប្រទេស​នឹង​កើតឡើង ហើយ​របប​នេះ ក៏​នឹង​ទណ្ឌកម្ម​សេដ្ឋកិច្ច​កាន់តែ​ធ្ងន់ធ្ងរ​ដែរ​៕
Share: