
ទេសចរដើរកម្សាន្តនៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប ក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ឆ្នាំ២០១៨។ រូបថតក្រសួងទេសចរណ៍
ប្រជាពលរដ្ឋ និងអ្នកវិភាគ មើលឃើញថា ប្រទេសកម្ពុជាសព្វថ្ងៃ ពុំទាន់មានសន្តិភាពពេញលេញ និងមិនទាន់ក្លាយទៅជាគោលដៅទេសចរណ៍ធំ នៅអាស៊ីនៅឡើយទេ ព្រោះតែកត្តាជម្លោះនយោបាយ បញ្ហាអសន្តិសុខសង្គម និងសណ្ដាប់ធ្នាប់សាធារណៈ។ ការលើកឡើងនេះ បន្ទាប់ពីលោក ហ៊ុន សែន អះអាងថា សន្តិភាពបានធ្វើឲ្យកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ធំបំផុតមួយនៅអាស៊ី។
ប្រជាពលរដ្ឋ និងអ្នកវិភាគ សំដែងមតិផ្សេងគ្នា ពីការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតែងតែនិយាយមុនពេលបោះឆ្នោតថា ប្រទេសកម្ពុជា កំពុងតែក្លាយទៅជាគោលដៅទេសចរណ៍ដ៏ដំបំផុត ព្រោះតែសន្តិភាពដែលរបបលោកខិតខំដណ្ដើមបាននិងការពាររហូតមក។
បុរសម្នាក់ដែលមានបទពិសោធរត់រ៉ឺម៉កម៉ូតូកងបីជិត ១០ឆ្នាំ នៅនៅតំបន់ទេសចរដ៏ធំមួយ នាទីរួមខេត្តសៀមរាប លោក ធាតុ ថា រៀបរាប់ថា ភាពកក់ក្ដៅនៃសន្តិភាពដែលលោកហ៊ុន សែន តែងតែអួតនោះ គឺគ្រាន់តែជា «ភាពកក់ក្ដៅដូចការអាំងផេះ» ប៉ុណ្ណោះ។ លោកបន្តថា ភ្ញៀវទេសចរ មិនឃើញសម្រុកមកប្រទេសកម្ពុជាជាហូរហែច្រើន ដូចការអះអាងរបស់លោក ហ៊ុន សែន នោះទេ។ «»
អ្នករត់រ៉ឺម៉កម៉ូតូកងបីរូបនេះ បន្ថែមថា មូលហេតុដែលភ្ញៀវទេសចរអឺរ៉ុបធ្លាក់ចុះនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រហែលអាចបណ្ដាលមកពីជម្លោះនយោបាយ និងបញ្ហាអសន្តិសុខក្នុងសង្គមជាដើម។ លោកឲ្យដឹងដែរ ថា ការធ្លាក់ចុះភ្ញៀវទេសចរណ៍អឺរ៉ុបនេះ ធ្វើឲ្យអ្នកបម្រើសេវាកម្មដឹកជញ្ជូនភ្ញៀវដូចលោក ពុំសូវរកចំណូលបានច្រើនដូចមុនឡើយ។ «»
មិនខុសគ្នាប៉ុន្មានឡើយ ប្រជាពលរដ្ឋម្នាក់ទៀត រស់នៅទីរួមខេត្តព្រះសីហនុ រៀបរាប់ថា ក្នុងពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា ពុំទាន់មានសុខសន្តិភាពពេញលេញ ហើយក្លាយជាគោលដៅទេសចរណ៍ធំបំផុតមួយនៅអាស៊ីនោះទេ។ ការលើកឡើងរបស់លោក ហ៊ុន សែន ប្រហែលជាមានចេតនា ចង់បន្លំភ្នែកប្រជាពលរដ្ឋ ដើម្បីកេងចំណេញសន្លឹកឆ្នោតពីរឿងសន្តិភាព នៅពេលបោះឆ្នោតមកដល់ប៉ុណ្ណោះ។ «»
ការលើកឡើងរបស់ប្រជាពលរដ្ឋនេះ បន្ទាប់ពីលោក ហ៊ុន សែន បានសរសេរបង្ហោះនៅលើទំព័រហ្វេសប៊ុក (Facebook) របស់លោកថា សង្ក្រាន្តអង្គរ ឆ្នាំថ្មីកន្លងទៅនេះគឺបានទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់ មិនថាតែនៅសៀមរាបអង្គរទេ គឺនៅតាមតំបន់សមុទ្រក៏ មានភ្ញៀវទេសចរច្រើនដែរ។ ទន្ទឹមគ្នានេះលោក ហ៊ុន សែន អះអាងថា ប្រជាពលរដ្ឋខ្មែរមួយចំនួន ក៏បានចេញទៅកម្សាន្តនៅក្រៅប្រទេសដែរ ខណៈដែលជើងហោះហើរកំពុងប្រកួតប្រជែង និងមាន តម្លៃថោក។
លោក ហ៊ុន សែន សរសេរបន្ថែមទៀតថា កម្ពុជាពេលនេះ កំពុងក្លាយជាទិសដៅទេសចរណ៍ដ៏ធំ បំផុតមួយនៅអាស៊ី ខណៈដែលជនរួមជាតិកំពុងរស់នៅសុខសាន្ត និងស្របពេលប្រទេសជាតិកំពុង រីកចម្រើនបោះជំហានទៅមុខ គឺដោយសារតែមានសន្តិភាពពេញលេញអស់រយៈ ពេលជាង២០ឆ្នាំ មកហើយ។ លោក ហ៊ុន សែន បន្តថា មិនត្រូវអោយសន្តិភាព របូតចេញពីដៃនោះទេ ទោះជាក្នុងកាលៈទេសៈណាក៏ដោយ។
រីឯអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងជាអ្នកវិភាគឯករាជ្យលោកបណ្ឌិត មាស នី មានប្រសាសន៍ថា ថ្វីដ្បិតតែកម្ពុជា ពុំមានសង្គ្រាមប្រដាប់អាវុធ ដូចនៅប្រទេសថៃដែលកំពុងមានជម្លោះជាមួយមូស្លីមថៃ (Muslim) នៅភាគខាងត្បូងក្តី ប៉ុន្តែចំនួនភ្ញៀវទេសចរណ៍បរទេសចូលមកកម្ពុជា នៅតែមិនអាច ប្រៀបធៀបជាមួយចំនួនភ្ញៀវទេសចរនៅប្រទេសថៃ និងប្រទេសជិតខាងបានដែរ។ «»
លោកបណ្ឌិត មាស នី សម្ដែងការព្រួយបារម្ភដែរថា ប្រសិនបើស្ថានភាពនយោបាយបន្តអាប់អួទៀត នោះ វានឹងអាចនាំឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍ដែរ។ លោកបន្ថែមថា ទោះបីជារដ្ឋាភិបាល នៅតែប្រកាន់ជំហរថា កម្ពុជាមានសន្តិភាពក្តី ប៉ុន្តែការពិត គឺនៅមិនទាន់មានសន្តិភាពផ្លូវចិត្តក្នុង ចំណោមប្រជាពលរដ្ឋខ្មែរនៅឡើយទេ បន្ទាប់ពីឆន្ទៈអ្នកគាំទ្រគណបក្សប្រឆាំងជាង ៣លាន ត្រូវបានរបបលោក ហ៊ុន សែន រំលាយ និងរំលោភយក។ លោកស្នើសុំឲ្យរដ្ឋាភិបាល ត្រូវធ្វើយ៉ាងណាធានា ឲ្យមានការឯកភាពជាតិឡើងវិញ។ «»
របាយការណ៍ក្រសួងទេសចរណ៍ស្ដីពីចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ធ្វើដំណើរកម្សាន្តនៅកម្ពុជា ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសានេះ បញ្ជាក់ថា ស្ថិតិភ្ញៀវទេសចរជាតិដែលធ្វើដំណើរកម្សាន្តនៅទូទាំងប្រទេសកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃ ណីជាតិខ្មែរ មានចំនួនជាង ៥លាន ១សែននាក់ (៥,១១២,៩៦៩)។ ចំណែកភ្ញៀវទេសចរអន្តរជាតិមានចំនួនជិត ៩ម៉ឺននាក់ (៨៨,១៩១នាក់)។ ក្នុងនោះភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានចូលរួមទស្សនាដំណើរកម្សាន្ត អង្គរសង្ក្រាន្តខេត្តសៀមរាបមានចំនួនជិត ២លាននាក់។ ប៉ុន្តែពលរដ្ឋប្រកបអាជីវកម្មអាស្រ័យវិស័យទេសចរណ៍បញ្ជាក់ថា ភ្ញៀវទេសចរអន្តរជាតិមកកម្សាន្តនៅខេត្តសៀមរាបមានចំនួនតិចតួច ក្នុងពេលចូលឆ្នាំថ្មី។
ប្រជាពលរដ្ឋ និងអ្នកវិភាគ ផ្ដល់យោបល់ថា ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យបានច្រើននោះ របប លោក ហ៊ុន សែន និងប្រជាពលរដ្ឋ ត្រូវអនុវត្តលើការពង្រឹងធនធានមនុស្ស សេវាកម្ម អភិវឌ្ឍន៍លើតំបន់ទេសចរណ៍ រៀបចំសណ្ដាប់ធ្នាប់ និងលុបបំបាត់អំពើអសន្តិសុខជាដើម។ លើសពីនេះ របប លោក ហ៊ុន សែន ក៏ល្មមដល់ពេលដែលគួរតែយកបទពិសោធន៍នៃវិនាសកម្មពីការបែកបាក់គ្នានេះ មកធ្វើជាមេរៀនដើម្បីប្រែក្លាយជាតិឲ្យមានសាមគ្គីភាព និងអភិវឌ្ឍជាតិឲ្យបានត្រឹមត្រូវពិតប្រាកដជាជាងគ្រាន់អួតក្ដែងៗ ដើម្បីស្វែងរកសន្លឹកឆ្នោតប៉ុណ្ណោះ៕