ព្រះមន្ត្រីសង្ឃ រ័ត្ន សារឿន ដែលទើបត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជា សម្ដេចព្រះកិត្តិយសថ្មីៗនេះ ។ រូបថតៈ ហ្វេសប៊ុក
ភ្នំពេញៈ ព្រះមន្ត្រីសង្ឃចំនួន ៣ អង្គនៃគណមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានព្រះមហាក្សត្រកម្ពុជា ព្រះបាទ ព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងព្រះបរមងារ ជាសម្ដេចព្រះកិត្តិយស។ នេះបើតាមព្រះរាជក្រឹត្យចុះថ្ងៃទី ១១ ខែមេសា ឆ្នាំនេះ។
បើតាមព្រះរាជក្រឹត្យ ព្រះមន្ត្រីសង្ឃទាំង ៣ អង្គនោះរួមមាន ព្រះពុទ្ធវង្ស ជា សំអាង ព្រះមេគណខេត្តកណ្ដាលឲ្យឡើងជាសម្ដេចព្រះឧត្តមមុនី, ព្រះមុនីកោសល ឃឹម សន សមាជិកថេរសភាព្រះពុទ្ធសាសនា និង ជាព្រះប្រធានលេខាធិការដ្ឋានគណសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជាឲ្យឡើងជាសម្ដេចព្រះពុទ្ធជ័យមុនី និងព្រះសាក្យវង្ស រ័ត្ន សារឿន ព្រះចៅអធិការវត្តសំរោងអណ្ដែត ឲ្យឡើងជាសម្ដេច ព្រះសាក្យមុនី។
គួរបញ្ជាក់ថា ការត្រាស់បង្គាប់តែងតាំងព្រះបរមងារនេះបានធ្វើឡើងក្រោយពីមានសំណើពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៕