ជុំវិញការបង្ហើសារព្រមាន ដែលគ្រាន់តែជាការកម្លានេះដែរ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានកុហកមួយករណីទៀត ព្រោះលោកមិនបានសួរនាំនាយករដ្ឋមន្រ្តីវៀតណាមលោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) រហូតដល់ទៅពីរលើក ជុំវិញព័ត៌មាន ដែលប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន អះអាងថា បានទទួលពីទំព័រហ្វេសប៊ុកជនអនាមិក ហើយយកមកចុះផ្សាយបន្តយ៉ាងគគ្រឹក ដោយចោទថា លោក សម រង្ស៊ី បានលួចចរចាស្ងាត់ៗ ជាមួយមន្រ្តីជាន់ខ្ពស់វៀតណាម រឿងព្រំដែន កាលពីជិត ១៥ឆ្នាំមុន។ មន្រ្តីនាំពាក្យគណបក្សប្រជាជនកម្ពុជា បញ្ជាក់ប្រាប់អាស៊ីសេរីថា រឿងនេះគឺរឿងថ្នាក់ដឹកនាំជាន់ខ្ពស់។ ដូច្នេះលោកមិនបានដឹងទេ៖ «អាហ្នឹងជានយោបាយរបស់មេដឹកនាំជាន់ខ្ពស់របស់ប្រទេសទាំងពីរ។ ខ្ញុំអត់ទាន់ទទួលបានព័ត៌មានអីទេ។ យើងមិនបានដឹងថា តើគាត់បានជួបគ្នាហើយ គាត់បាននិយាយគ្នា ឬមួយយ៉ាងម៉េច ខ្ញុំមិនបានដឹងរឿងហ្នឹងណា៎»។
ក្រោយប្រព័ន្ធឃោសនារបស់លោក ហ៊ុន សែន ដែលអង្គការអ្នកកាសែតគ្មានព្រំដែន ហៅថា ជារោងចក្រផលិតព័ត៌មានក្លែងក្លាយ បានចុះផ្សាយអត្ថបទពីទំព័រហ្វេសប៊ុករបស់ជនអនាមិកខាងលើ លោក ហ៊ុន សែន កាលពីថ្ងៃទី១៤ ខែមីនា នៅឯខេត្តកំពង់ចាម បានប្រកាសជាសាធារណៈថា នឹងតតាំងរឿងនេះ ជាមួយនាយករដ្ឋមន្រ្តីវៀតណាម ដើម្បីឲ្យដឹងសខ្មៅ៖ «ខ្ញុំនឹងសួរមេដឹកនាំវៀតណាមលើរឿងនេះ កាលហ្នឹងនិយាយគ្នាពីអី។ ខ្ញុំនឹងសួរ។ ខ្ញុំគ្រាន់តែចង់ដឹងថា តើពេលហ្នឹងគេនិយាយពីអី? មើមិត្តវៀតណាមស្មោះត្រង់ជាមួយខ្ញុំ ជាមួយកម្ពុជាពិតប្រាកដ តើពេលដែលលោកហ្នឹង គាត់ទៅទស្សនកិច្ចនៅហាណូយ នៅតៃនិញ និយាយពីអីខ្លះ ប្រសិនបើវៀតណាមស្មោះត្រង់ជាមួយខ្ញុំ»។
ពីរថ្ងៃក្រោយមក លោកបានទៅចូលរួមប្រជុំកំពូលពិសេសអាស៊ាន–អូស្រ្តាលី នៅថ្ងៃទី១៧–១៨ ខែមីនា ដែលមានវត្តមាននាយករដ្ឋមន្រ្តីវៀតណាមដែរ។ បន្ទាប់មកទៀត នៅចុងខែមីនា គឺពីថ្ងៃទី៣០ ដល់ ៣១ មីនា លោកបានទៅជួបនាយករដ្ឋមន្រ្តីវៀតណាមម្តងទៀត ពេលលោកទៅចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់ទន្លេមេគង្គលើកទី៦ នៅទីក្រុងហាណូយ។ ប៉ុន្តែ លោកមិនបានសួរនាយករដ្ឋមន្រ្តីវៀតណាម រឿងលោក សម រង្ស៊ី នេះឡើយ៕