
ព្រះតេជព្រះគុណ យិន រតនៈសុធាវី (ខាងស្ដាំ ព្រះហស្ថកាន់ផ្កាឈូក) ពេលចូលរួមធ្វើសមាធិសុំសេចក្តីសុខ នៅលើផ្លូវថ្នល់ មុខសាលសន្និសិទ្ឋចតុមុខ កាលពីឆ្នាំ២០១៣។ ហ្វេសប៊ុកព្រះតេជព្រះគុណ ព្រឹម ហួន

ព្រះតេជព្រះគុណ យិន រតនៈសុធាវី សម្ដែងប្រតិកម្មចំពោះរបបលោក ហ៊ុន សែន ដែលចោទព្រះអង្គថា ជាប់ពាក់ព័ន្ធនឹងចលនារណៈសិរ្សរំដោះជាតិខ្មែររបស់លោក សម សេរី ដែលមានមូលដ្ឋាននៅអឺរ៉ុបនោះថា ជារឿងមិនពិត។ ព្រះអង្គមានថេរដីកាថា ព្រះអង្គគ្រាន់តែជាអ្នកអប់រំផ្នែកពុទ្ធសាសនា និងបង្រៀនអក្សរសាស្រ្តខ្មែរ ដោយផ្អែកលើ ធម៌អហិង្សា និងសន្តិភាព។
ព្រះអង្គបន្ថែមថា ក្រោយពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសចោទចលនារណៈសិរ្សរំដោះជាតិខ្មែររបស់ លោក សម សេរី ថា ប៉ុនប៉ងដាក់គ្រាប់បំផ្ទុះនៅទីក្រុងភ្នំពេញ ហើយត្រូវបានឧបករណ៍បំពងសំឡេងរបស់លោក ហ៊ុន សែន យករួបថតព្រះអង្គទៅចុះផ្សាយមក គឺក្រុមសមត្ថកិច្ចជាច្រើននាក់ ឃ្លាំមើលសកម្មភាពរបស់ព្រះអង្គរាល់ថ្ងៃ។ ព្រះតេជព្រះគុណ យិន រតនៈសុធាវី ជាគ្រូសូត្រសាំ្ដ វត្តចំការខ្សាច់ ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ និងជាអនុប្រធាន អង្គការខ្ញុំខ្មែរ។
ព្រះតេជព្រះគុណមានថេរដីកាថា រូបថតរបស់ព្រះអង្គ ដែលថតជាមួយលោក សម សេរី ប្រធានចលនារណសិរ្សរំដោះជាតិខ្មែរនោះ គឺជារូបថតតាំងពីឆ្នាំ២០១៣ មកម្លេះ ដែលពលរដ្ឋខ្មែរក្នុងប្រទេសថៃនិមន្តព្រះអង្គឲ្យទៅធ្វើពិធីសូត្រ និងសម្តែងធម្មទេសនាហើយពេលនោះ មានពលរដ្ឋជាច្រើនរួមទាំងលោក សម សេរី ផងដែរ បានសុំព្រះអង្គថតជាមួយ។
ព្រះតេជព្រះគុណមានថេរដីកាទៀតថា ព្រះអង្គមិនដែលមានគំនិត ឬមហិច្ឆតាណាមួយក្នុងការផ្តួលរំលំរបបលោក ហ៊ុន សែន ដូចមានការចោទប្រកាន់នោះទេ។ ព្រះអង្គបន្តថា ព្រះអង្គតែងតែសម្តែងធម៌ដល់មនុស្ស សត្វទាំងពួង ដើម្បីស្គាល់នូវអំពើល្អ អំពើបាប និងបុណ្យប៉ុណ្ណោះ៕