ភ្លៀង​កក់​ខែ​លាយ​ខ្យល់​កន្ត្រាក់​បណ្ដាល​ឲ្យ​ខូចខាត និង​រលំ​ផ្ទះ​ពលរដ្ឋ​ជា​ច្រើន​ខ្នង​


2018-04-18
ក្មេងៗ លេង​ជិត​ផ្ទះ​របស់​ប្រជា​ពលរដ្ឋ នៅ​ឃុំ​ថ្កូវ ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង ដែល​រលំ​បាក់ ដោយសារ​ខ្យល់​កន្ត្រាក់ កាល​ពី​រសៀល​ថ្ងៃ​ទី​១៧ មេសា ឆ្នាំ​២០១៨។ រូបថត​ពី​គេហទំព័រហ្វេសប៊ុក ក្រសួងធនធានទឹក និងឧតុនិយម
ក្មេងៗ លេង​ជិត​ផ្ទះ​របស់​ប្រជា​ពលរដ្ឋ នៅ​ឃុំ​ថ្កូវ ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង ដែល​រលំ​បាក់ ដោយសារ​ខ្យល់​កន្ត្រាក់ កាល​ពី​រសៀល​ថ្ងៃ​ទី​១៧ មេសា ឆ្នាំ​២០១៨។ រូបថត​ពី​គេហទំព័រហ្វេសប៊ុក ក្រសួងធនធានទឹក និងឧតុនិយម

ភ្លៀង​កក់​ខែ​លាយ​លំ​នឹង​ខ្យល់​កន្ត្រាក់​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន កាល​ពី​រសៀល​ថ្ងៃ​ទី​១៧ មេសា បាន​បណ្ដាល​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង​បាន​ដួល​រលំ និង​មួយ​ចំនួន​ទៀត​របើក​ដំបូល​ខូច​ខាត។
របាយការណ៍​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ មេសាថា ផ្ទះ​របស់​ពលរដ្ឋ​នៅ​ឃុំ​ទួល​សាលា ​ស្រុក​បរសេដ្ឋ​ ខេត្ត​កំពង់ស្ពឺ ​រង​ការ​ខូច​ខាត​ចំនួន​១៦ ​ខ្នង​ផ្ទះ។ ចំណែក​នៅ​ឃុំ​ថ្កូវ ស្រុក​កំពង់ត្របែក ​ខេត្ត​ព្រៃវែង​បាក់​សសរ​រលំ​ផ្ទះ​ពលរដ្ឋ​មួយ​ខ្នង​បណ្ដាល​ផ្ទះ​ឲ្យ​ខូចខាត​ទាំង​ស្រុង ហើយ​រលំ​ផ្ទះ​ពលរដ្ឋ​ចំនួន​ ៣​ខ្នង និង​របើក​ដំបូល ២​ខ្នង នៅ​ភូមិ​ទួល​ច្រេស​​ឃុំ​ចំបក់ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង។ ក្រសួង​ឲ្យ​ដឹង​ទៀត​ថា នៅ​ខេត្ត​ប៉ៃលិន​ឯណោះ​វិញ មាន​ភ្លៀង​កក់​ខែ​មួយ​ធំ​រយៈ​ពេល​ប្រមាណ ២​ម៉ោង ដែល​មាន​កម្ពស់​ទឹក​កម្រិត​ពី ៧៧ ទៅ ៩៥​មិល្លីម៉ែត្រ ហើយ​បង្ក​ឲ្យ​ទឹក​ហក់​ឡើង​ពេញ​ព្រៀប នៅ​តាម​ស្ទឹង និង​ដង​អូរ​ជា​ច្រើន​កន្លែង​ក្នុង​ខេត្ត​មួយ​នេះ​​ឡើង​យ៉ាង​ឆាប់​រហ័ស។ ប៉ុន្តែ​ពុំ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ និង​រង​របួស​នោះ​ទេ។
ក្រសួង​ព្យាករ​ឲ្យ​ដឹង​ទៀត​ថា ភ្លៀង​កក់​ខែ​នឹង​នៅ​បន្ត​កើត​មាន​រាយប៉ាយ​នៅ​ទូទាំង​ប្រទេស រហូត​ដល់​ថ្ងៃ​ទី​២១ មេសា ហើយ​សីតុណ្ហភាព​នឹង​ថយ​ចុះ ចន្លោះ​ពី ៣០ ទៅ ៣១​អង្សា​សេ រហូត​ដល់​ចុង​ខែ​មេសា៕
Share: