លោក អ៊ួន ឈិន (ខាងឆ្វេង) និង លោក យាង សុធារិន (យាង សុជាមេត្តា) អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី (RFA)
@សហការី
សាលាឧទ្ធរណ៍ នៅថ្ងៃព្រហស្បតិ៍នេះ បានសម្រេចបានបដិសេធសំណើសុំនៅក្រៅឃុំលើកទី២របស់អតីតអ្នកកាសែតវិទ្យុអាស៊ីសេរី ដោយរក្សាការសម្រេចរបស់សាលាដំបូងទុកជាបានការដដែល។
ថ្លែងប្រាប់វិទ្យុបារាំងអន្ដរជាតិ លោក កែវ វន្នី មេធាវីការពារក្ដីឲ្យអតីតអ្នកកាសែតវិទ្យុអាស៊ីសេរី ចាត់ទុកសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍នេះថា មិនយុត្តិធម៌សម្រាប់កូនក្ដីលោកឡើយ។ និងថា លោកនឹងប្ដឹងសារទុក្ខទៅកាន់តុលាការកំពូលបន្តទៀត។
នេះគឺជាបណ្ដឹងសុំនៅក្រៅឃុំជុំទី២ហើយ សម្រាប់អតីតអ្នកកាសែតអាស៊ីសេរីទាំងពីររូប។ បណ្ដឹងសុំនៅក្រៅឃុំជុំទី២នេះ ធ្វើឡើងដោយសារតែបណ្ដឹងសុំនៅក្រៅឃុំជុំទី១ទទួលបរាជ័យ។ បរាជ័យហព្រោះតុលាការកម្ពុជាតាំងពីជាន់ទាបដល់ជាន់ខ្ពស់ បដិសេធមិនឲ្យអតីតអ្នកកាសែតទាំងពីររូបនៅក្រៅឃុំ។
សូមរំឭកជូនថា អតីតអ្នកកាសែតរបស់វិទ្យុអាស៊ីសេរីពីរនាក់ គឺលោក យាង សុធារិន ហៅយាង សុជាមេត្តា និងលោក អ៊ួន ឈិន ជាប់ឃុំនៅក្នុងពន្ធនាគារអស់រយៈពេលជាង៥ខែមកហើយ បន្ទាប់ពីអាជ្ញាធរខ័ណ្ឌមានជ័យចាប់ខ្លួនកាលពីថ្ងៃទី ១៤វិច្ឆិកា ឆ្នាំ ២០១៧ នៅក្នុងបន្ទប់សណ្ឋាគារមួយ ស្ថិតនៅក្បែរស្ពានអាកាសស្ទឹងមានជ័យ ក្រុងភ្នំពេញ។ អ្នកទាំងពីរ ត្រូវរងការចោទប្រកាន់ពីបទប្រគល់ឲ្យរដ្ឋបរទេសនូវព័ត៌មានជាអាទិ៍ដែលអាចធ្វើឲ្យអន្តរាយការការពារជាតិ និងបទចោទមួយករណីទៀតពាក់ព័ន្ធនឹងការផលិតវីដេអូអាសអាភាស៕