ឧត្តមសេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា
RFI/Channa Siv
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជានៅថ្ងៃទី១៩មេសានេះ បានចេញមុខអះអាងថាគ្មានអាវុធប្រភេទណាមួយត្រូវបានដឹកចេញពីកម្ពុជានោះទេ។ ការលើកឡើងរបស់ក្រសួងការពារជាតិបែបនេះ គឺជាការឆ្លើយតបនឹងការចុះផ្សាយនានាដែលថា ថៃចាប់បានអាវុធច្រើនប្រភេទ មានប្រភពចេញមកពីប្រទេសកម្ពុជា។
អាវុធដែលត្រូវបានគេចុះផ្សាយទាំងនៅក្នុងកម្ពុជានិងនៅប្រទេសថៃថា មានប្រភពចេញពីប្រទេសកម្ពុជា រួមមានកាំភ្លើងប្រភេទ TEPY កាំភ្លើងប្រភេទM16 កាណុងM16 និងឈុតឧបករណ៍កៃកាំភ្លើងជាដើម។ ប៉ុន្តែភ្លាមៗ លោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិបានគូសបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិថា កម្ពុជាគ្មានប្រភេទអាវុធដូចទៅនឹងការចុះផ្សាយនេះឡើយ។ តែកម្ពុជាមានត្រឹមប្រភេទកាំភ្លើងវែងAK47ប្រើប្រាស់រួម អំឡុងពេលប្រតិបត្តិការសង្គ្រាម និង ប្រភេទកាំភ្លើងខ្លីមានសិទ្ធប្រើប្រាស់ចាប់ពីថ្នាក់វរសេនីយ៍ឯកឡើងទៅ។ បើតាមលោក ឈុំ សុជាតិ អាវុធទាំងនេះប្រើប្រាស់សម្រាប់តែបេសសកម្មការងារតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា សេចក្ដីរាយការណ៍ពីសារព័ត៌មានថៃត្រឡប់មកវិញបូករួមនឹងការចុះផ្សាយនៅក្នុងស្រុកខ្មែរផងនោះបានរាយការណ៍ថា មានការដឹកអាវុធតាមទូកនេសាទ ចេញម្តុំស្ទឹងហាវ ខេត្តព្រះសីហនុរបស់កម្ពុជា ចូលទៅក្នុងទឹកដីថៃ។ ប្រឈមនឹងការចុះផ្សាយនេះលោក ឈុំ សុជាតិ អះអាងថា កម្ពុជានឹងមិនធ្វើការឆ្លើយតបជាផ្លូវការណាមួយទៅកាន់ប្រទេសថៃវិញឡើយ ព្រោះអ្វីដែលបានលើកឡើងក៏មិនមែនជាព័ត៌មានផ្លូវការចេញដោយក្រសួងការពារជាតិថៃដែរ។
សម្រាប់ក្រសួងការពារជាតិកម្ពុជា នេះមិនមែនជារឿងថ្មីឡើយដែលមានការចោទប្រកាន់មកលើកម្ពុជាពាក់ព័ន្ធបញ្ហាអាវុធនោះ។ ជាក់ស្ដែងកាលពីខែមុនករណីក្រឡាប់រថយន្តនៅមុខប៉ុស្តិ៍យាមថៃក៏សារព័ត៌មានថៃចុះផ្សាយថា អាវុធទាំងនោះមានប្រភពពីកម្ពុជាដែរ។ ដូច្នេះ នេះគឺជាការចុះផ្សាយមួយគ្មានប្រភពព័ត៌មានច្បាស់លាស់ឡើយ។ នេះបើតាមលោក ឈុំ សុជាតិ៕