
គោយន្តដឹកឈើចេញពីតំបន់ព្រៃឡង់ ត្រង់ចំណុចផ្លូវបំបែកចូលឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ជាប់ចំការកៅស៊ូក្រុមហ៊ុនវៀតណាម ស៊ី.អ.ស៊ី.ខេ (CRCK) ខណៈប្រជាសហគមន៍ព្រៃឡង់ ស្រុកសណ្ដាន់ ចុះល្បាតកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦។ Photo provided

អាជ្ញាធរមូលដ្ឋាននៅឃុំដងកាំបិត ស្រុកសណ្តាន់ ខេត្តកំពង់ធំ លើកឡើងថាព្រៃសហគមន៍នៅក្នុងឃុំចំនួនបី ចេះតែបាត់បង់ជាបន្តបន្ទាប់ ដោយសារសកម្មភាពរបស់ពលរដ្ឋមូលដ្ឋាន និងអ្នកចំណូលស្រុកខ្លះដែរ។ ពួកគេបាននាំគ្នាចូលកាប់រុករាន ពិសេសដើម្បីយកដីដាំដំណាំ និងសង់លំនៅឋាន។ ចំណែកក្រុមសហគមន៍វិញអះអាងថា ក្រៅពីពលរដ្ឋ អាជ្ញាធរមូលដ្ឋានខ្លះក៏បានចូលរួមចំណែកបំផ្លាញព្រៃសហគមន៍ដែរ។
ព្រៃសហគមន៍នៅក្នុងឃុំដងកាំបិត ចំនួនបីផ្សេងគ្នា ជាប្រភពដ៏សំខាន់មួយក្នុងការផ្តល់អនុផលព្រៃឈើ ដល់ប្រជាពលរដ្ឋមូលដ្ឋាន ដូចជា ការរកវល្លិ ជ័រ ផ្តៅ ទឹកឃ្មុំ ផ្សិត ឬអាចកាប់ឈើខ្លះយកមកធ្វើលំនៅឋាន សំរាប់ពលរដ្ឋក្រីក្រក្នុងភូមិ។ មុខរបរទាំងនេះ ចេះតែថយចុះ ដោយសារព្រៃឈើសហគមន៍ចេះបាត់បង់ជាបន្តបន្ទាប់។
ព្រៃសហគមន៍ខ្លះ នៅសល់តែឈើតូចៗ ហើយខ្លះទៀតស្ទើរក្លាយជាវាលតែម្តង។ មេឃុំដងកាំបិត លោក លុន យ៉េន មានប្រសាសន៍ថា ព្រៃសហគមន៍នៅឃុំរបស់លោកមានបី គឺព្រៃសហគមន៍គគីរប្រហោង ព្រៃសហគមន៍ក្បាលអូរតាគង់ និងព្រៃសហគមន៍ក្បាលអូរធ្នង់។
លោកបញ្ជាក់ថា ព្រៃសហគមន៍ទាំងបី មានទំហំសរុបប្រមាណ ៧ពាន់ហិកតារ ដោយសារព្រៃសហគមន៍ខ្លះមានទំហំចាប់ពីជាង ១ពាន់ហិកតារឡើងទៅ ហើយបង្កើតឡើងនៅចន្លោះឆ្នាំ២០០៩ និង ២០១០។ លោកបន្តថា ចាប់តាំងពីបង្កើតជាព្រៃសហគមន៍រួចមក តំបន់ព្រៃទាំងនោះរងការកាប់បំផ្លាញយកឈើធ្វើអាជីវកម្ម និងរុករានយកដីធ្វើលំនៅឋាន ជាពិសេសធ្វើចម្ការ ហើយអ្នកកាប់រុករានភាគច្រើនជាពលរដ្ឋមូលដ្ឋាន៖ «បើនិយាយឲ្យចំទៅ ប្រជាពលរដ្ឋក្នុងភូមិគ្នាឯងក្នុងសហគមន៍។ គាត់យកទៅធ្វើផ្ទះ ទីមួយ។ ទីពីរ គាត់យកទៅលក់ដូរខ្លះ។ ទីបី ដូចខ្ញុំជម្រាបមិញ គឺគាត់យកទៅធ្វើចម្ការ»។
លោក លុន យ៉េន មើលឃើញថាព្រៃសហគមន៍មានសារៈសំខាន់ណាស់ សម្រាប់ពលរដ្ឋមូលដ្ឋាន ដូចជាការរុករកអនុផលធម្មជាតិចេញពីតំបន់ព្រៃទាំងនោះ ពិសេសគឺជួយទប់ទល់បាតុភូតគ្រោះធម្មជាតិតែម្តង។
មេឃុំដងកាំបិតរូបនេះប៉ាន់ប្រមាណថា ព្រៃសហគមន៍គគីរប្រហោង នៅសល់ព្រៃឈើប្រហែល៤៥%។ ចំណែកព្រៃសហគមន៍ក្បាលអូរធ្នង់ ដែលមានទំហំជិត ៣ពាន់ហិកតារ (២.៨៩១) លោកថា ទំហំព្រៃឈើនៅសល់ប្រមាណ ៥០ ទៅ ៦០%។ ដោយឡែកព្រៃសហគមន៍ក្បាលអូរតាគង់ លោកវាយតម្លៃថា ទំហំព្រៃឈើនៅសល់ប្រហែល ៤០%ប៉ុណ្ណោះ។
កន្លងមកលោកធ្លាប់បានអប់រំណែនាំប្រជាសហគមន៍ទាំងនោះ អំពីផលប៉ះពាល់ក្នុងការកាប់បំផ្លាញព្រៃសហគមន៍ និងធ្លាប់បានធ្វើកិច្ចសន្យាឱ្យបញ្ឈប់ការកាប់រុករានយកដីបន្តទៀត ប៉ុន្តែមិនមានប្រសិទ្ធភាពទេ៖ «តាមខ្ញុំប្រជុំរាល់ខែការព្រួយបារម្ភរបស់យើង រកវិធានការប៉ុន្តែមិនដឹងថារកវិធានការយ៉ាងម៉េច»។
អាជ្ញាធរឃុំដដែល អះអាងថាវិធានការចំពោះមុខ នឹងជួយជំរុញការងារចុះល្បាតរបស់សហគមន៍បន្ថែមទៀត ព្រមទាំងអប់រំពលរដ្ឋឱ្យកាន់តែយល់អំពីផលប៉ះពាល់នៃការបាត់បង់ព្រៃសហគមន៍។
ទោះជាយ៉ាងនេះក្តី ប្រជាសហគមន៍មួយចំនួនលើកឡើងថា បញ្ហាខ្លះ មិនអាចបន្ទោសពលរដ្ឋទាំងស្រុងនោះទេ ដោយសារមានឈ្មួញរង់ចាំទិញឈើពីពួកគាត់។ ហេតុដូច្នេះហើយបានជាពួកគាត់នាំគ្នាលួចចូលទៅកាប់ឈើក្នុងព្រៃសហគមន៍។ មិនតែប៉ុណ្ណោះ អាជ្ញាធរមូលដ្ឋាន ក៏ជាប់ពាក់ព័ន្ធនឹងបញ្ហានេះដែរ។
ប្រធានគណៈកម្មការព្រៃសហគមន៍ក្បាលអូរធ្នង់ លោក ខៀវ ឃិត ទទួលស្គាល់ថា ពលរដ្ឋមូលដ្ឋានមួយចំនួនពិតជាបានរួមចំណែកបំផ្លិចបំផ្លាញព្រៃសហគមន៍ប្រាកដមែន។ ប៉ុន្តែក៏មានអាជ្ញាធរមូលដ្ឋានខ្លះដែរ។ លោកបន្តថា ចំណាត់ការរបស់សហគមន៍ទៅលើក្រុមជនល្មើសមានជាហូរហែ ប៉ុន្តែដោយសារភាពយល់យោគច្រើនទើបធ្វើឱ្យបទល្មើសនៅតែកើតមាន៖ «ប្រជាជននៅភូមិស្រែខ្សាច់ ប្រធានភូមិប្រធានអីហ្នឹង ក៏រុករានដែរ។ ពេលប្រជុំម្តងៗ ខ្ញុំរាយការណ៍ទៅដល់ឃុំអីទៅ គេថា ហ្អេស សម្ងំៗ ទៅ»។
ព្រៃសហគមន៍នៅជុំវិញតំបន់ព្រៃឡង់ គឺមានប្រមាណ ៥០សហគមន៍។ ព្រៃសហគមន៍ខ្លះនៅសេសសល់ព្រៃឈើច្រើនគួរសមដែរ។ ប៉ុន្តែខ្លះទៀតអស់ឈើធំៗ ហើយមួយចំនួនក្លាយជាវាលស្រែរបស់ពលរដ្ឋមូលដ្ឋានទៅទៀត។
អ្នកសម្របសម្រួលលេខាធិការដ្ឋានបណ្តាញស្នូលព្រៃឡង់ លោក សេង សុខហេង មើលឃើញថាការកាប់រានព្រៃសហគមន៍នៅជុំវិញ តំបន់ព្រៃឡង់ គឺកើតមានយូរមកហើយ ដោយមិនទាន់មានវិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពទេ។
លោកបន្ថែមថាមូលហេតុបណ្តាលឱ្យបទល្មើសនៅតំបន់ព្រៃសហគមន៍ ចេះតែបន្តកើតមានដោយសារខ្វះកិច្ចសហការរវាងសហគមន៍ ជាមួយអាជ្ញាធរមូលដ្ឋាន និងស្ថាប័នជំនាញ។ លើសពីនេះទៀត សមាជិកសហគមន៍ ពឹងផ្អែកតែទៅលើគណៈកម្មការសហគមន៍ខ្លាំងពេក មិនបានចូលរួមជួយការពារទាំងអស់គ្នា។
ជាងនេះទៀត គោលនយោបាយរបស់រដ្ឋអនុញ្ញាតឱ្យបង្កើតជាព្រៃសហគមន៍ឡើង គឺមានទំហំតូចៗ ពេក មិនអាចសមាមាត្រទៅនឹងតម្រូវការរបស់ពលរដ្ឋមូលដ្ឋានដែលមានចំនួនច្រើន៖ «ហើយអាផ្នែកមួយទៀត យើងឃើញថា អាចថាប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ផងដែរ។ បើយើងមើលទៅលើកិច្ចព្រមព្រៀងស្ទើរគ្រប់សហគមន៍ទាំងអស់នៅទូទាំងប្រទេសកម្ពុជា គឺគាត់អត់មានសិទ្ធិចាប់ទេ នៅក្នុងកិច្ចព្រមព្រៀងអី ឬច្បាប់អី ឬអនុក្រឹត្យព្រៃឈើអី គឺគាត់មានសិទ្ធិត្រឹមតែរាយការណ៍»។
លោក សេង សុខហេង លើកឡើងទៀតថា ការយោគយល់គួរមានដែរ ប៉ុន្តែក៏មិនត្រូវយោគយល់គ្រប់ពេលនោះទេ ព្រោះមានជនល្មើសខ្លះចាប់បានជាច្រើនលើកច្រើនសា ហើយចេះតែផ្តល់ឱកាសឱ្យពួកគេត្រឡប់មកកាប់បំផ្លាញព្រៃសហគមន៍បន្ថែមទៀត។
លោកបញ្ជាក់ថា ព្រៃសហគមន៍ដែលកំពុងប្រឈមការបាត់បង់ខ្លាំងជាងគេ គឺព្រៃសហគមន៍នៅស្រុកសណ្តាន់ ខេត្តកំពង់ធំ។
លោក យល់ថា ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះឱ្យមានប្រសិទ្ធភាព របបក្រុងភ្នំពេញ គប្បីពិនិត្យឡើងវិញ អំពីការអនុវត្តគោលនយោបាយកំណែទម្រង់វិស័យព្រៃឈើ ជាពិសេសគឺវិធានការគ្រប់គ្រងព្រៃឈើនៅទូទាំងប្រទេសកម្ពុជា។
លោកបន្តថា អាជ្ញាធរថ្នាក់ក្រោមជាតិ និងមន្ត្រីជំនាញ ព្រមទាំងប្រជាសហគមន៍គប្បីសហការគ្នាឱ្យបាន ទូលំទូលាយ និងម៉ឺងមាត់ ហើយអនុវត្តច្បាប់ការពារព្រៃសហគមន៍ឱ្យនៅគង់វង្ស។ លោកថា ប្រសិនបើអាជ្ញាធរ និងមន្ត្រីជំនាញនៅតែអនុវត្តវិធីសាស្ត្រដដែលៗ គឺគ្មានប្រសិទ្ធភាពឡើយ ហើយព្រៃសហគមន៍នឹងបាត់បង់បន្ថែមទៀត៕