រូបភាពតំណាង៖ កងកម្លាំងប្រដាប់អាវុធ
@RFI
អគ្គស្នងការនគរបាលជាតិគ្រោងនឹងបញ្ចេញកងកម្លាំងប្រមាណ១០ម៉ឺននាក់ ដើម្បីចូលរួមការពារសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងអំឡុងពេលបោះឆ្នោតជាតិនាថ្ងៃទី២៩ ខែកក្កដាខាងមុខ។ នេះបើតាមការអះអាងរបស់លោកគៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិកាលពីម្សិលមិញ។ ចំពោះចំនួននេះ អង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាមើលឃើញថាមានចំនួនច្រើនជាងពេលបោះឆ្នោតមុនៗ។ ការណ៍នេះធ្វើឲ្យពួកគេបារម្ភថា វាអាចនឹងប៉ះពាល់ដល់អារម្មណ៍របស់ពលរដ្ឋដែលទៅបោះឆ្នោត។
លោកគៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនិងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញដឹងថា សម្រាប់ការបោះឆ្នោតជាតិអាណត្តិទី៦នេះ រដ្ឋាភិបាលកម្ពុជានឹងពង្រាយកងកម្លាំង៨ម៉ឺននាក់ ដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់នៅក្នុងថ្ងៃបោះឆ្នោត ក្នុងនោះមានមកពីកងយោធពលខេមរភូមិន្ទ និងខ្លះទៀតមកពីកងរាជអាវុធហត្ថ។ ការបង្ហាញឲ្យដឹងរបស់លោកគៀត ច័ន្ទថារិទ្ធនេះ ធ្វើឡើងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពីច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតនិងក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោតនៅថ្ងៃទី១៨ មេសា។ បើតាមលោកគៀត ច័ន្ទថារិទ្ធ បន្ថែមលើកម្លាំងទាំងនេះ ក៏មានកម្លាំងប្រជាការពារត្រៀមជួយនៅតាមឃុំសង្កាត់និងក្រុង ស្រុក ខណ្ឌ ប្រមាណជាង២ម៉ឺននាក់ទៀតផងដែរ។
ជាការសម្គាល់ ចំនួនកងកម្លាំងនេះ បើប្រៀបធៀបកាលពីការបោះឆ្នោតឃុំ សង្កាត់នៅក្នុងឆ្នាំ២០១៧ គឺកើនឡើងដល់ទៅពាក់កណ្តាល ដែលកាលណោះ មានត្រឹមតែជាង៥ម៉ឺននាក់។ ការណ៍នេះធ្វើឲ្យអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាមានការព្រួយបារម្ភ។ បារម្ភនៅត្រង់ថា វាអាចនឹងធ្វើឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត និងអ្នកសង្កេតការណ៍បោះឆ្នោតមានអារម្មណ៍ភ័យខ្លាចនៅពេលឃើញមានកងកម្លាំងច្រើននៅជិតការិយាល័យបោះឆ្នោតនោះ។ នេះបើតាមការអះអាងរបស់លោកសំ គន្ធាមី នាយកប្រតិបត្តិអង្គការនិកហ្វិក។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នឹងធ្វើឡើងនៅថ្ងៃទី២៩ ខែកក្កដា ពោល គឺនៅសល់ពេលតែជាង៣ខែទៀតប៉ុណ្ណោះ។ ចំពោះបញ្ហាសន្តិសុខនៅថ្ងៃបោះឆ្នោតនេះដែរ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ក៏បានចេញការណែនាំ៥ចំណុចដល់ប្រធានគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត។ ចំណុចទាំងនេះ មានជាអាទិ៍ គឺតម្រូវឲ្យពង្រឹងទំនាក់ទំនងនិងសហការឲ្យកាន់តែខ្លាំងជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ច។ ក្រៅពីនេះ គ.ជ.ប ក៏បានជំរុញឲ្យអាជ្ញាធររៀបចំការបោះឆ្នោតត្រូវតាមដានត្រួតពិនិត្យសភាពការណ៍ និងសុំអន្តរាគមន៍ពីកម្លាំងមានសមត្ថកិច្ចបើមានករណីអុកឡុក គំរាមកំហែងនិងអំពើហិង្សាក្នុងពេលបោះឆ្នោត។ បន្ថែមលើនេះ ក៏មានដែរ ត្រូវផ្តល់ព័ត៌មាន ឬរបាយការណ៍ជាប្រចាំអំពីស្ថានភាពសន្តិសុខ សុវត្ថិភាព ជុំវិញដំណើរការនៃការបោះឆ្នោតផ្ញើជូនអគ្គលេខាធិការដ្ឋាន គ.ជ.បឲ្យបានទៀងទាត់៕