
ជនជាតិចិន ២២នាក់ដែលសមត្ថកិច្ចចាប់ខ្លួនបាននៅខេត្តស្វាយរៀង កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៥។ រូបថតប៉ូលិសខេត្តស្វាយរៀង
អាជ្ញាធរខ្មែរ និងចិន នៅថ្ងៃព្រហស្បតិ៍ទី១៩ មេសានេះ បានប្តេជ្ញាបង្ក្រាបបទល្មើសប្រព្រឹត្តដោយជនជាតិចិននៅលើទឹកដីកម្ពុជា។ អ្នកឃ្លាំមើលសង្គមថ្លែងថា កម្ពុជាអាចបង្ក្រាបជនល្មើសជាជនជាតិចិន លុះត្រាតែអាជ្ញាធរខ្មែរអនុវត្តច្បាប់យ៉ាងម៉ឺងម៉ាត់។
មន្ត្រីនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ បញ្ជាក់ក្រោយជំនួប អគ្គស្នងការនគរបាលជាតិកម្ពុជា លោក នេត សាវឿន និងក្រុមមន្ត្រីនៃក្រសួងសន្តិសុខសាធារណៈចិនថា អគ្គនាយកកិច្ចសហប្រតិបត្តិការអន្តរជាតិនៃក្រសួងសន្តិសុខសាធារណៈចិន លោក លាវ ជិនរ៉ុង (LIAO JINRONG) បានប្រកាសថា ចិនត្រៀមខ្លួនជានិច្ចដើម្បីសហការជាមួយកងកម្លាំងកម្ពុជាក្នុងការចាប់បញ្ជូនជនជាតិចិនទាំងឡាយណា ដែលបានប្រព្រឹត្តបទល្មើសនៅកម្ពុជាទៅប្រទេសកំណើតវិញ ហើយភាគីចិននឹងប្រឹងប្រែងសហការជាមួយសមត្ថកិច្ចកម្ពុជាបន្តទៀត ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់នៃប្រទេសទាំងពីរ។
លោកបន្តថា ខាងមន្ត្រីចិនក៏បានជំរុញឱ្យសមត្ថកិច្ចកម្ពុជាបង្ក្រាបដោយគ្មានការយោគយល់ចំពោះជនជាតិចិនណាដែលបានប្រព្រឹត្តខុសច្បាប់លើទឹកដីកម្ពុជា និងបានណែនាំដល់អ្នកវិនិយោគចិនដែលកំពុងរកស៊ីនៅកម្ពុជា ត្រូវតែគោរពច្បាប់ ទំនៀមទម្លាប់ និងប្រពៃណីរបស់កម្ពុជាជាដាច់ខាត។
ការបញ្ជាក់ពីជំហរជាថ្មីទៀតរបស់រដ្ឋាភិបាលចិនទាក់ទងនឹងការប្រព្រឹត្តបទល្មើសនៅកម្ពុជានេះ ធ្វើឡើងបន្ទាប់ពីមួយរយៈពេលចុងក្រោយនេះ វត្តមានដ៏ច្រើននៃជាតិចិនលើទឹកដីកម្ពុជា បានធ្វើឱ្យពលរដ្ឋខ្មែរជាច្រើនលើកឡើងពីក្តីព្រួយបារម្ភអំពីបញ្ហាសន្តិសុខ សុវត្ថិភាព និងការក្តោបក្តាប់សេដ្ឋកិច្ចនៅតាមតំបន់សំខាន់ៗមួយចំនួន ដូចជា នៅខេត្តព្រះសីហនុ សៀមរាប និងក្រុងភ្នំពេញជាដើម។ លើសពីនេះ អំពើហិង្សាវាយកាប់ចាក់គ្នា និងការចាប់ជម្រិតតាមប្រព័ន្ធអ៊ិនធើណិតបង្កឡើងដោយក្រុមជនជាតិចិនទាំងនោះ បានក្លាយជាក្តីកង្វល់ដល់ពលរដ្ឋខ្មែរ និងជាប្រធានបទនៃការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយជាតិ និងអន្តរជាតិ។
អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម បណ្ឌិត មាស នី ថ្លែងថា កិច្ចសហការគ្នារវាងសមត្ថកិច្ចកម្ពុជា និងចិន ក្នុងការទប់ស្កាត់បទល្មើសឧក្រិដ្ឋ គឺជារឿងត្រឹមត្រូវ ក៏ប៉ុន្តែលោកថា អាជ្ញាធកម្ពុជាក៏ត្រូវមានកាតព្វកិច្ចមួយខ្លួនឯងដែរ គឺការគ្រប់គ្រងជនអន្តោប្រវេសន៍ឱ្យមានប្រសិទ្ធភាពក្នុងដែនអធិបតេយ្យរបស់ខ្លួន មិនចាំបាច់ទាល់តែមានការគាំទ្រពីបរទេសឡើយ។ លោកថាដើម្បីអាចដោះស្រាយរឿងនេះបាន លុះត្រាតែអាជ្ញាធរនៃរបបក្រុងភ្នំពេញអនុវត្តច្បាប់ឱ្យបានតឹងរ៉ឺងទៅលើជនអន្តោប្រវេសន៍។
ចំណែកប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ វិញ កត់សម្គាល់ថា រដ្ឋាភិបាលចិន បានលើកឡើងម្តងហើយម្តងទៀត អំពីការគាំទ្រការអនុវត្តច្បាប់របស់សមត្ថកិច្ចកម្ពុជាលើជនជាតិរបស់ខ្លួនដែលប្រព្រឹត្តអំពើល្មើសច្បាប់នៅកម្ពុជា ក៏ប៉ុន្តែបទល្មើសដែលបង្កឡើងដោយជនជាតិចិននេះ នៅតែកើតមានឡើងដដែលជាដដែល។ ដូច្នេះលោកហាក់មិនសូវមានជំនឿថា កិច្ចសហការនេះនឹងទទួលបានជោគជ័យណាស់។ លោកយល់ឃើញថា ការប្រកាសរបស់ចិននេះ អាចគ្រាន់តែជាសារមួយដើម្បីបង្ហាញពីចេតនាល្អក្នុងទំនាក់ទំនងអន្តរជាតិប៉ុណ្ណោះ ប៉ុន្តែរឿងដែលសំខាន់គឺសមត្ថកិច្ចកម្ពុជាខ្លួនឯង ត្រូវអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ចំពោះជនល្មើស បើពុំដូច្នោះទេ កម្ពុជានឹងជាប់ឈ្មោះជាប្រទេសប្រមូលផ្តុំដោយក្រុមឧក្រិដ្ឋជនជនជាតិចិន។
នេះជាលើកទីពីរហើយដែលមន្ត្រីរដ្ឋាភិបាលចិនប្រកាសពីជំហរមិនគាំទ្រជនជាតិរបស់ខ្លួន ដែលបានមករស់ និងប្រព្រឹត្តបទល្មើសផ្សេងៗនៅលើទឹកដីកម្ពុជា។ កាលពីដើមខែកុម្ភៈកន្លងទៅឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក ស្យុង បូ (Xiong Bo) បានអះអាងថា រដ្ឋាភិបាលចិនមិនគាំទ្រសកម្មភាពល្មើសច្បាប់បែបនេះឡើយ ហើយចិនក៏ប្រឆាំងដាច់ខាត ចំពោះជនជាតិរបស់ខ្លួនណា ដែលជួលផ្ទះ ឬគ្រឹះស្ថាននៅកម្ពុជា ដើម្បីប្រព្រឹត្តបទល្មើសឧក្រិដ្ឋចាប់ជម្រិតតាមប្រព័ន្ធអ៊ិនធើណិតផងដែរ។
គិតចាប់តាំងពីឆ្នាំ២០១២ មក យ៉ាងហោចណាស់មានជនជាតិចិន និងចិនតៃវ៉ាន់ ចំនួន ១.០០០នាក់ហើយ ដែលត្រូវបានអាជ្ញាធរកម្ពុជា ចាប់បញ្ជូនទៅប្រទេសចិនវិញ ក្រោយពីរកឃើញថា ពួកគេបានជាប់ពាក់ព័ន្ធនឹងបទល្មើសជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិតនេះ៕