
លោក សុខ ពុទ្ធិវុធ នៅក្នុងពិធីសម្ភោធសមិទ្ធផលផ្សេងៗ ក្នុងវត្តព្រៃមៀន ស្ថិតក្នុងឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧។ រូបថតផ្សព្វផ្សាយលើទំព័រហ្វេសប៊ុករដ្ឋបាលខេត្តតាកែវ

កូនប្រុសច្បងរបស់លោក សុខ អាន អតីតរដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី និងជាកូនប្រសាររបស់លោក ហ៊ុន សែន គឺលោក សុខ ពុទ្ធិវុធ ដែលល្បីឈ្មោះជំនាញខាងបាញ់សម្លាប់សត្វព្រៃរំលោភច្បាប់នៅកម្ពុជា និងមានទ្រព្យសម្បតិ្តមហាសាលទាំងនៅវ័យក្មេងនោះ ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលទូរគមនាគមន៍កម្ពុជា សម្រាប់អាណត្តិទី៥ ឆ្នាំ២០១៨ នេះ។
ការតែងតាំងនេះ គឺជាការបន្ថែមទៅលើមុខតំណែងមួយចំនួនធំរបស់លោក ដែលមានស្រាប់ ក្នុងតំណែងទាំងនោះ រួមមាន ជាអនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា។ ពិធីតែងតាំងលោក សុខ ពុទ្ធិវុធ នេះ ត្រូវមន្រ្តីរបបលោក ហ៊ុន សែន អះអាងថា គឺដើម្បីពង្រឹង និងពង្រីកការងារអាជីវកម្មក្នុងទីផ្សារ ប្រកួតប្រជែង និងបន្តអភិវឌ្ឍន៍វិស័យទូរគមនាគមន៍នៅកម្ពុជា។
ទូរគមនាគមន៍កម្ពុជា ឬហៅជាភាសាអង់គ្លេសថា Telecom Cambodia គឺជាក្រុមហ៊ុនរបស់រដ្ឋ ដែលត្រូវបានបង្កើតឡើង កាលពីឆ្នាំ២០០៥ ដើម្បីធ្វើប្រតិបត្តិការបណ្តាញ និងផ្តល់សេវាកម្មទូរគមនាគមន៍ដ៏ទូលំទូលាយ ទាំងនៅក្នុង និងនៅក្រៅប្រទេស និងចូលរួមចំណែកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មានវិទ្យានៅកម្ពុជា។ កាលពីពេលអតីតកាល ក្រុមហ៊ុនរដ្ឋមួយនេះ ធ្លាប់ជួបប្រទះនូវរឿងរ៉ាវអាស្រូវពុករលួយផ្ទៃក្នុង កឹបកេងប្រាក់ចំណូលរដ្ឋ ដោយសារការគ្រប់គ្រងមិនត្រឹមត្រូវ និងបានបណ្តាលឲ្យមានការផ្ទុះការតវ៉ាពីបុគ្គលិក ជាច្រើនលើកច្រើនសា។ ដោយសារមូលហេតុនេះ ក្រុមហ៊ុនរដ្ឋមួយនេះ នៅតែមិនទាន់អាចដាក់បញ្ចូលទៅក្នុងបញ្ជីដាក់លក់ទីផ្សារមូលបត្រកម្ពុជា CSX ដូចក្រុមហ៊ុនរដ្ឋដទៃទៀតបាននៅឡើយទេ រហូតមកទល់សព្វថ្ងៃនេះ។
លោក សុខ ពុទ្ធិវុធ កើតក្នុងឆ្នាំ១៩៨០ គឺជាកូនប្រុសម្នាក់ក្នុងចំណោមកូន ៥នាក់ របស់លោក សុខ អាន។ លោកបានរៀបការជាមួយកូនស្រីពៅរបស់លោក ហ៊ុន សែន គឺអ្នកស្រី ហ៊ុន ម៉ាលី។ មួយខែក្រោយមរណភាពឪពុករបស់លោក កាលពីដើមខែមីនា ឆ្នាំ២០១៧ ក្នុងរូបភាពបែកធ្លាយជាច្រើននៅតាមបណ្តាញសង្គមហ្វេសប៊ុក បង្ហាញថា លោក សុខ ពុទ្ធិវុធ គឺជាអ្នកចូលចិត្តបាញ់សម្លាប់សត្វព្រៃ ដែលជាអំពើល្មើសច្បាប់មួយនៅកម្ពុជា ហើយដែលអាចប្រឈមនឹងការដាក់ពន្ធនាគារពី ១ឆ្នាំ ដល់ ៥ឆ្នាំ។
របាយការណ៍អង្គការឃ្លាំមើលពិភពលោក Global Witness ស្តីពីការក្តោបក្តាប់អាជីវកម្មនៅកម្ពុជា របស់អធិរាជត្រកូល ហ៊ុន ឲ្យដឹងថា ទាំងលោក សុខ ពុទ្ធិវុធ និងទាំងភរិយារបស់លោក គឺជាម្ចាស់ក្រុមហ៊ុនអាជីវកម្មខ្នាតធំយ៉ាងហោចណាស់ ១៣ក្រុមហ៊ុននៅកម្ពុជា ដែលមានទឹកប្រាក់វិនិយោគរាប់រយលានដុល្លារ រកស៊ីខាងវិស័យសំណង់ ថាមពល នាវាដឹកភ្ញៀវទេសចរ ភោជនីយដ្ឋាន និងលក់ថ្នាំពេទ្យជាដើម។
កូនៗ របស់លោក សុខ អាន សុទ្ធតែមានតួនាទីធំៗ ក្នុងជួររបបលោក ហ៊ុន សែន ដែលបង្ហាញឲ្យឃើញពីអំពើបក្សពួកខ្សែស្រឡាយនិយមជាប្រព័ន្ធនៅក្នុងរបបនេះ។ កូនប្រុសទី២ លោក សុខ អាន គឺលោក សុខ សូកេន មានតួនាទីជាអនុរដ្ឋលេខាធិការក្រសួងការបរទេស ហើយជាកូនប្រសាររដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មលោក ចម ប្រសិទ្ធ។ កូនប្រុសទី៣ គឺលោក សុខ សូកាន ជាតំណាងរាស្ត្រមណ្ឌលតាកែវ និងកូនប្រុសពៅ គឺលោក សុខ សង្វារ គឺជាអគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា។ កាលនៅមានជីវិត ឪពុករបស់លោក គឺលោក សុខ អាន ត្រូវបានសារព័ត៌មានជាតិ និងអន្តរជាតិ ដាក់រហ័ស្សនាមឲ្យថា ជា «ព្រះនរាយណ៍» ដែលគ្រប់គ្រងស្ថាប័នរដ្ឋរហូតដល់ទៅ ៤៨ស្ថាប័ន ដែលសុទ្ធតែជាស្ថាប័នក្តោបក្តាប់ចំណូលជាតិសំខាន់ៗ នៅទូទាំងប្រទេស៕