របប​ក្រុង​ភ្នំពេញ​ត្រៀម​បង្កើន​កង​កម្លាំង​ជាង​១០​ម៉ឺន​នាក់​ដើម្បី​ការពារ​ក្នុង​ថ្ងៃ​បោះឆ្នោត


សមត្ថកិច្ច​បិទ​ទ្វារ​របង​ការិយាល័យ​បោះឆ្នោត នៃ​បរិវេណ​សាលាបឋមសិក្សា​ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ក្រោយ​បញ្ចប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo: RFA
សមត្ថកិច្ច​បិទ​ទ្វារ​របង​ការិយាល័យ​បោះឆ្នោត នៃ​បរិវេណ​សាលាបឋមសិក្សា​ព្រែកលៀប សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ក្រោយ​បញ្ចប់​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ​២០១៧។ Photo: RFA


របប​ក្រុង​ភ្នំពេញ ត្រៀម​បង្កើន​កងកម្លាំង​ជាង ៨​ម៉ឺន​នាក់ និង​ប្រជា​ការពារ​ភូមិ​ជាង​ពីរ​ម៉ឺន​នាក់ ដើម្បី​ការពារ​ក្នុង​ថ្ងៃ​បោះឆ្នោត សកល​អាណត្តិ​ទី​៦ នៅ​ថ្ងៃអាទិត្យ ទី​២៩ កក្កដា។ សង្គម​ស៊ីវិល​ដាក់​សំណើ​ថា ដើម្បី​ឲ្យ​ស្របច្បាប់​បោះឆ្នោត ការិយាល័យ​មួយ ត្រូវ​មាន​កងកម្លាំង​ការពារ​ត្រឹម ៣​នាក់​តែប៉ុណ្ណោះ។
សង្គម​ស៊ីវិល​ឃ្លាំមើល​ការបោះឆ្នោត​បារម្ភ​ថា ប្រសិនបើ​កងកម្លាំង​នគរបាល​ជាតិ ប៉េអឹម និង​ដាក់​កម្លាំង​ប្រជា​ការពារ​ភូមិ ទៅ​ការពារ​ក្នុង​ថ្ងៃ​បោះឆ្នោត លើស​ពី​ចំនួន​ច្បាប់​ដែល​បាន​កំណត់ នឹង​បង្ក​ឲ្យ​មាន​ការ​ភ័យខ្លាច​ដល់​ពលរដ្ឋ។ មន្ត្រី​អង្កេត​ជាន់ខ្ពស់​នៃ​អង្គការ​ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស ពន្យល់​ថា តាម​ច្បាប់​បោះឆ្នោត គឺ​ក្នុង​មួយ​ការិយាល័យ​បោះឆ្នោត​តម្រូវ​ឲ្យ​មាន​កងកម្លាំង​ការពារ​ត្រឹម ៣​នាក់​ប៉ុណ្ណោះ គឺ​ម្នាក់​នៅ​ក្រៅ​ការិយាល័យ​ត្រូវ​មាន​អាវុធ ១​ដើម និង​កងកម្លាំង​២​នាក់ ដែល​ត្រូវ​ការពារ​ក្នុង​ការិយាល័យ​បោះឆ្នោត មិន​តម្រូវ​ឲ្យ​មាន​អាវុធ​ទេ។ សង្គម​ស៊ីវិល​រូបនេះ ថា ជា​រឿង​ថ្មី សម្រាប់​ការបោះឆ្នោត​នៅ​កម្ពុជា ដែល​របប​ក្រុងភ្នំពេញ​បញ្ចូល​ប្រជា​ការពារ​ភូមិ​ឲ្យ​ចូលរួម​ការពារ ក្នុង​ថ្ងៃ​បោះឆ្នោត ខណៈ​ដែល​ការបោះឆ្នោត​លើក​មុនៗ មិន​ធ្លាប់​មាន​កងកម្លាំង​បែបនេះ​ចូលរួម។ ប៉ុន្តែ លោក កន សាវាង្ស ប្រាប់ថា ប្រជា​ការពារ​ភូមិ មិនមែន​ជា​កងកម្លាំង​ប្រដាប់​អាវុធ​ទេ ដូច្នេះ​ក្រុម​នេះ​ត្រូវ​ការ​ការ​បណ្ដុះបណ្ដាល ការ​អប់រំ​ពី​ការ​បោះឆ្នោត និង​សិទ្ធិមនុស្ស​ជាមុន​សិន។ «»
អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធ ត្រូវ​បាន​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​ស្រង់​សម្ដី នៅ​ព្រឹក​ថ្ងៃ​ទី​១៨ មេសា ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល ស្ដីពី​ច្បាប់ បទបញ្ជា និង​នីតិវិធី​សម្រាប់​ការបោះឆ្នោត និង​ក្រមសីលធម៌​សម្រាប់ ភ្នាក់ងារ​សន្តិសុខ​បោះឆ្នោត នៅ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ថា របប​ក្រុងភ្នំពេញ មាន​កម្លាំង ដែល​ត្រូវ​ចូលរួម​ការពារ​ការ​បោះ​ឆ្នោត​រហូត​ដល់​ទៅ ៨​ម៉ឺន​នាក់ ក្នុង​នោះ​មក​ពី​កង​យោធពល​ខេមរភូមិន្ទ និង​កងរាជអាវុធហត្ថ និង​មាន​កម្លាំង​ប្រជា​ការពារ​ត្រៀម​ជួយ​នៅ​តាម​ឃុំ​សង្កាត់ ក្រុង ស្រុក ខណ្ឌ ប្រមាណ ជាង​២​ម៉ឺន​នាក់។
លោក គៀត ច័ន្ទថារិទ្ធ បាន​ប្រាប់​គ្រូ​បង្គោល ដែល​បាន​បណ្ដុះបណ្ដាល​ថា នៅ​សល់​តែ ១០១​ថ្ងៃ ប៉ុណ្ណោះ ដល់​ថ្ងៃ​បោះឆ្នោត​ហើយ មន្ត្រី​ដែល​ចូលរួម​ការពារ​បោះឆ្នោត​ទាំងអស់ ត្រូវ​មាន​ការ​យល់ដឹង​ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​ធ្វើ​ឲ្យ​បរិយាកាស​នៃ​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ សេរី ត្រឹមត្រូវ យុត្តិធម៌ និង​គ្មាន​ការ​គំរាមកំហែង។ ប៉ុន្តែ សហគមន៍​អន្តរជាតិ បក្ស​​ប្រឆាំង និង​សង្គម​ស៊ីវិល មើល​ឃើញ​ថា បរិយាកាស​នៃ​ការបោះឆ្នោត​សកល​ឆ្នាំ​២០១៨ នឹង​មិន​អាច​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ត្រឹមត្រូវ យុត្តិធម៌ និង​គ្មាន​ការ​គំរាមកំហែង​ទេ ដោយសារតែ​របប​ក្រុងភ្នំពេញ បាន​កម្ទេច​សំឡេង​បក្ស​ប្រឆាំង តាមរយៈ​ការ​បិទ​ផ្លូវ​មិន​ឲ្យ​បក្ស​ប្រឆាំង​បាន​ចូលរួម​ការបោះឆ្នោត​អាណត្តិ​ទី​៦។
អគ្គលេខាធិការ គ..ប លោក ទេព នីថា ថ្លែង​ក្នុង​កិច្ចប្រជុំ ស្ដីពី​ការ​ផ្សព្វផ្សាយ​ការ​ចាប់ផ្ដើម​ដំណើរការ​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ ឆ្នាំ​២០១៨ កាលពី​ថ្ងៃ​ទី​១០ មេសា ថា របប​ក្រុងភ្នំពេញ សម្រេច​ត្រៀម​កម្លាំង​ចំនួន​ជាង ៨​ម៉ឺន ៨៤.៥៨៣នាក់ ដោយ​ដាក់​ពង្រាយ​តាម​ការិយាល័យ និង​តាម​តំបន់​ផ្សេងៗ ដើម្បី​ការពារ​សន្តិសុខ​ក្នុងការ​បោះឆ្នោត​ថ្នាក់ជាតិ ឆ្នាំ​២០១៨។
ចំនួន​កងកម្លាំង​ជាង​ប្រាំបី​ម៉ឺន​នាក់ រួម​នឹង​ប្រជា​ការពារ​ភូមិ​ជាង​ពីរ​ម៉ឺន​នាក់​ទៀត បើ​ធៀប​នឹង​ការបោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ​សង្កាត់ កាលពី​ខែ​មិថុនា ឆ្នាំ​២០១៧ បាន​កើន​ឡើង​ពាក់កណ្ដាល ដោយ​ការ​បោះឆ្នោត​កាលណោះ កងកម្លាំង​ដែល​ចូលរួម​ការពារ​ក្នុង​ថ្ងៃ​បោះឆ្នោត​មាន​ជាង​ប្រាំ​ម៉ឺន ៥១.៥៧៨នាក់។ ការ​បោះឆ្នោត​ក្រុម​ប្រឹក្សាឃុំ​សង្កាត់ កាលពី​ខែ​មិថុនា ឆ្នាំ​២០១៧ កងកម្លាំង​សមត្ថកិច្ច​សរុប​ត្រូវ​បាន​បែង​ចែក​ជា ៥​ក្រុម រួមមាន​នគរបាល​ចំនួន​ជាង ៣​ម៉ឺន (៣៣.៥២៧នាក់ កងរាជអាវុធហត្ថ​ចំនួន​ជាង​២​ពាន់​នាក់ (.៧៨០នាក់ និង​កង​ខេមរភូមិន្ទ ឬ​យោធា ចំនួន​ជាង​៤​ពាន់​(.២៧១នាក់។
សកម្មជន​សិទ្ធិមនុស្ស និង​សកម្មជន​ដីធ្លី ធ្លាប់​អះអាង​ថា អាជ្ញាធរ​បាន​ប្រើប្រាស់​ប្រជា​ការពារ​ប្រើប្រាស់​អំពើ​ហិង្សា​លើ​ពួកគេ ដោយ​គ្មាន​ទោសពៃរ៍។
អ្នកវិភាគ​នយោបាយ លោក ហង្ស វិទូ យល់ថា ការ​បន្ថែម​កងកម្លាំង និង​បញ្ចូល​ប្រជា​ការពារ​ភូមិ ទៅ​ក្នុង​កិច្ចការពារ ក្នុង​ថ្ងៃ​បោះឆ្នោត ហាក់​បង្ហាញ​ថា របប​ក្រុងភ្នំពេញ​ត្រៀម​ជើងការ ខ្លាច​មាន​គេ​មក​ដណ្ដើម​អំណាច។ លោក ហង្ស វិទូ មើល​ឃើញ​ថា បើ​ទោះ​ជា​បក្ស​ប្រឆាំង បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ ពហិការ ការបោះឆ្នោត ប៉ុន្តែ បក្ស​ប្រឆាំង​មិន​មាន​សមត្ថភាព​រំខាន​ថ្ងៃ​បោះឆ្នោត ដែល​ត្រូវ​ធ្វើ​ឲ្យ​របប​ក្រុងភ្នំពេញ មានការ​បារម្ភ​បែបនេះ​ទេ។ «»
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន មេដឹកនាំ​របប​ក្រុងភ្នំពេញ ធ្លាប់​ប្រកាស​ថា នឹង​រៀបចំ​ការបោះឆ្នោត សកល អាណត្តិ​ទី​៦ នៅ​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១៨ ទាំង​គ្មាន​វត្តមាន​របស់​គណបក្ស​ប្រឆាំង។ បើទោះជា​មាន​ការ​ព្រមាន ពី​របប​ក្រុងភ្នំពេញ ថា​នឹង​បង្ក្រាប​រាល់​ចលនា​គាំទ្រ​គណបក្សប្រឆាំង​បែប​ណា​ក្ដី ប៉ុន្តែ លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះជាតិ ព្រមាន​វិញ ថា បន្ថែម​ពីលើ​ការ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ពហិការ​បោះឆ្នោត ក៏​នឹង​មាន​ចលនា​ងើប​ប៉ះ​បោរ​នៅ​កម្ពុជា​ដែរ ប្រសិនបើ​របប​ក្រុងភ្នំពេញ នៅតែ​រឹតត្បិត​មិន​ឲ្យ​បក្ស​ប្រឆាំង​បាន​ចូលរួម​ការបោះឆ្នោត៕
Share:

ព្រះសង្ឃ​ប្រតិកម្ម​ចំពោះ​ការ​ចោទ​ព្រះ​អង្គ​ថា ជាប់​ពាក់ព័ន្ធ​នឹង​ចលនា​រណៈសិរ្ស​រំដោះ​ជាតិ​ខ្មែរ


ព្រះតេជព្រះគុណ យិន រតនៈសុធាវី (ខាងស្ដាំ​ ព្រះហស្ថកាន់ផ្កាឈូក) ពេល​​ចូលរួម​ធ្វើ​សមាធិ​សុំ​សេចក្តីសុខ នៅ​លើ​ផ្លូវ​ថ្នល់ មុខ​សាល​សន្និសិទ្ឋ​ចតុមុខ កាល​ពី​ឆ្នាំ​២០១៣។ ហ្វេសប៊ុកព្រះតេជព្រះគុណ ព្រឹម ហួន
ព្រះតេជព្រះគុណ យិន រតនៈសុធាវី (ខាងស្ដាំ​ ព្រះហស្ថកាន់ផ្កាឈូក) ពេល​​ចូលរួម​ធ្វើ​សមាធិ​សុំ​សេចក្តីសុខ នៅ​លើ​ផ្លូវ​ថ្នល់ មុខ​សាល​សន្និសិទ្ឋ​ចតុមុខ កាល​ពី​ឆ្នាំ​២០១៣។ ហ្វេសប៊ុកព្រះតេជព្រះគុណ ព្រឹម ហួន

ព្រះតេជព្រះគុណ យិន រតនៈសុធាវី សម្ដែង​ប្រតិកម្ម​ចំពោះ​របប​លោក ហ៊ុន សែន ដែល​ចោទ​ព្រះ​អង្គ​ថា ជាប់​ពាក់ព័ន្ធ​នឹង​ចលនា​រណៈសិរ្ស​រំដោះ​ជាតិ​ខ្មែរ​របស់​លោក សម សេរី ដែល​មាន​មូលដ្ឋាន​នៅ​អឺរ៉ុប​នោះ​ថា ជា​រឿង​មិន​ពិត។ ព្រះអង្គ​មាន​ថេរដីកា​ថា ព្រះអង្គ​គ្រាន់​តែ​ជា​អ្នក​អប់រំ​ផ្នែក​ពុទ្ធសាសនា និង​បង្រៀន​អក្សរ​សាស្រ្ត​ខ្មែរ ដោយ​ផ្អែក​លើ ធម៌អហិង្សា និងសន្តិភាព
ព្រះអង្គ​បន្ថែម​ថា ក្រោយ​ពី​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាស​ចោទ​ចលនា​រណៈសិរ្ស​រំដោះ​ជាតិ​ខ្មែរ​របស់ លោក សម សេរី ថា ប៉ុនប៉ង​ដាក់​គ្រាប់​បំផ្ទុះ​នៅ​ទីក្រុង​ភ្នំពេញ ហើយ​ត្រូវ​បាន​ឧបករណ៍​បំពង​សំឡេង​របស់​លោក ហ៊ុន សែន យក​រួបថត​ព្រះអង្គ​ទៅ​ចុះ​ផ្សាយ​មក គឺ​ក្រុម​សមត្ថកិច្ច​ជា​ច្រើន​នាក់ ឃ្លាំមើល​សកម្មភាព​របស់​ព្រះអង្គ​រាល់​ថ្ងៃ។ ព្រះតេជព្រះគុណ យិន រតនៈសុធាវី ជា​គ្រូ​សូត្រ​សាំ្ដ វត្ត​ចំការ​ខ្សាច់ ស្ថិត​នៅ​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ និង​ជា​អនុប្រធាន អង្គការ​ខ្ញុំ​ខ្មែរ។
ព្រះតេជព្រះគុណមាន​ថេរដីកា​ថា រូបថត​របស់​ព្រះអង្គ ដែល​ថត​ជាមួយ​លោក សម សេរី ប្រធាន​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ​នោះ គឺ​ជា​រូបថត​តាំង​ពី​ឆ្នាំ​២០១៣ មក​ម្លេះ ដែល​ពលរដ្ឋ​ខ្មែរ​ក្នុង​ប្រទេស​ថៃ​និមន្ត​ព្រះអង្គ​ឲ្យ​ទៅ​ធ្វើ​ពិធី​សូត្រ និង​សម្តែង​ធម្មទេសនា​ហើយ​ពេល​នោះ មាន​ពលរដ្ឋ​ជា​ច្រើន​រួម​ទាំង​លោក សម សេរី ផង​ដែរ បាន​សុំ​ព្រះអង្គ​ថត​ជាមួយ។
ព្រះតេជព្រះគុណ​មាន​ថេរដីកា​ទៀត​ថា ព្រះអង្គ​មិន​ដែល​មាន​គំនិត ឬ​មហិច្ឆតា​ណា​មួយ​ក្នុង​ការ​ផ្តួល​រំលំ​របប​លោក ហ៊ុន សែន ដូច​មាន​ការ​ចោទ​ប្រកាន់​នោះ​ទេ។ ព្រះអង្គ​បន្ត​ថា ព្រះអង្គ​តែងតែ​សម្តែង​ធម៌​ដល់​មនុស្ស សត្វ​ទាំង​ពួង ដើម្បី​ស្គាល់​នូវ​អំពើ​ល្អ អំពើ​បាប និង​បុណ្យ​ប៉ុណ្ណោះ៕
Share:

ភ្លៀង​កក់​ខែ​លាយ​ខ្យល់​កន្ត្រាក់​បណ្ដាល​ឲ្យ​ខូចខាត និង​រលំ​ផ្ទះ​ពលរដ្ឋ​ជា​ច្រើន​ខ្នង​


2018-04-18
ក្មេងៗ លេង​ជិត​ផ្ទះ​របស់​ប្រជា​ពលរដ្ឋ នៅ​ឃុំ​ថ្កូវ ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង ដែល​រលំ​បាក់ ដោយសារ​ខ្យល់​កន្ត្រាក់ កាល​ពី​រសៀល​ថ្ងៃ​ទី​១៧ មេសា ឆ្នាំ​២០១៨។ រូបថត​ពី​គេហទំព័រហ្វេសប៊ុក ក្រសួងធនធានទឹក និងឧតុនិយម
ក្មេងៗ លេង​ជិត​ផ្ទះ​របស់​ប្រជា​ពលរដ្ឋ នៅ​ឃុំ​ថ្កូវ ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង ដែល​រលំ​បាក់ ដោយសារ​ខ្យល់​កន្ត្រាក់ កាល​ពី​រសៀល​ថ្ងៃ​ទី​១៧ មេសា ឆ្នាំ​២០១៨។ រូបថត​ពី​គេហទំព័រហ្វេសប៊ុក ក្រសួងធនធានទឹក និងឧតុនិយម

ភ្លៀង​កក់​ខែ​លាយ​លំ​នឹង​ខ្យល់​កន្ត្រាក់​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន កាល​ពី​រសៀល​ថ្ងៃ​ទី​១៧ មេសា បាន​បណ្ដាល​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នង​បាន​ដួល​រលំ និង​មួយ​ចំនួន​ទៀត​របើក​ដំបូល​ខូច​ខាត។
របាយការណ៍​ក្រសួង​ធនធាន​ទឹក​និង​ឧតុនិយម ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ មេសាថា ផ្ទះ​របស់​ពលរដ្ឋ​នៅ​ឃុំ​ទួល​សាលា ​ស្រុក​បរសេដ្ឋ​ ខេត្ត​កំពង់ស្ពឺ ​រង​ការ​ខូច​ខាត​ចំនួន​១៦ ​ខ្នង​ផ្ទះ។ ចំណែក​នៅ​ឃុំ​ថ្កូវ ស្រុក​កំពង់ត្របែក ​ខេត្ត​ព្រៃវែង​បាក់​សសរ​រលំ​ផ្ទះ​ពលរដ្ឋ​មួយ​ខ្នង​បណ្ដាល​ផ្ទះ​ឲ្យ​ខូចខាត​ទាំង​ស្រុង ហើយ​រលំ​ផ្ទះ​ពលរដ្ឋ​ចំនួន​ ៣​ខ្នង និង​របើក​ដំបូល ២​ខ្នង នៅ​ភូមិ​ទួល​ច្រេស​​ឃុំ​ចំបក់ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង។ ក្រសួង​ឲ្យ​ដឹង​ទៀត​ថា នៅ​ខេត្ត​ប៉ៃលិន​ឯណោះ​វិញ មាន​ភ្លៀង​កក់​ខែ​មួយ​ធំ​រយៈ​ពេល​ប្រមាណ ២​ម៉ោង ដែល​មាន​កម្ពស់​ទឹក​កម្រិត​ពី ៧៧ ទៅ ៩៥​មិល្លីម៉ែត្រ ហើយ​បង្ក​ឲ្យ​ទឹក​ហក់​ឡើង​ពេញ​ព្រៀប នៅ​តាម​ស្ទឹង និង​ដង​អូរ​ជា​ច្រើន​កន្លែង​ក្នុង​ខេត្ត​មួយ​នេះ​​ឡើង​យ៉ាង​ឆាប់​រហ័ស។ ប៉ុន្តែ​ពុំ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ និង​រង​របួស​នោះ​ទេ។
ក្រសួង​ព្យាករ​ឲ្យ​ដឹង​ទៀត​ថា ភ្លៀង​កក់​ខែ​នឹង​នៅ​បន្ត​កើត​មាន​រាយប៉ាយ​នៅ​ទូទាំង​ប្រទេស រហូត​ដល់​ថ្ងៃ​ទី​២១ មេសា ហើយ​សីតុណ្ហភាព​នឹង​ថយ​ចុះ ចន្លោះ​ពី ៣០ ទៅ ៣១​អង្សា​សេ រហូត​ដល់​ចុង​ខែ​មេសា៕
Share:

“កម្ពុជា​ពុំ​ទាន់​សុខ​សន្តិភាព​ពេញ​លេញ​ដែល​ក្លាយ​ជា​គោលដៅ​ទេសចរ​នៅឡើយ​ទេ”


ទេសចរ​ដើរ​កម្សាន្ត​នៅ​ប្រាសាទ​អង្គរវត្ត ខេត្ត​សៀមរាប ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន-វៀតណាម ឆ្នាំ​២០១៨។ រូបថត​ក្រសួង​ទេសចរណ៍
ទេសចរ​ដើរ​កម្សាន្ត​នៅ​ប្រាសាទ​អង្គរវត្ត ខេត្ត​សៀមរាប ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ចិន-វៀតណាម ឆ្នាំ​២០១៨។ រូបថត​ក្រសួង​ទេសចរណ៍

ប្រជាពលរដ្ឋ និង​អ្នកវិភាគ មើល​ឃើញ​ថា ប្រទេស​កម្ពុជា​សព្វថ្ងៃ ពុំ​ទាន់​មាន​សន្តិភាព​ពេញលេញ និង​មិន​ទាន់​ក្លាយទៅជា​គោលដៅ​ទេសចរណ៍​ធំ នៅ​អាស៊ី​នៅឡើយ​ទេ ព្រោះតែ​កត្តា​ជម្លោះ​នយោបាយ បញ្ហា​អសន្តិសុខ​សង្គម និង​សណ្ដាប់ធ្នាប់​សាធារណៈ។ ការ​លើកឡើង​នេះ បន្ទាប់ពី​លោក ហ៊ុន សែន អះអាង​ថា សន្តិភាព​បាន​ធ្វើ​ឲ្យ​កម្ពុជា ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ធំ​បំផុត​មួយ​នៅ​អាស៊ី។
ប្រជាពលរដ្ឋ និង​អ្នកវិភាគ សំដែង​មតិ​ផ្សេងគ្នា ពី​ការ​លើកឡើង​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​តែងតែ​និយាយ​មុន​ពេល​បោះឆ្នោត​ថា ប្រទេស​កម្ពុជា កំពុងតែ​ក្លាយទៅជា​គោលដៅ​ទេសចរណ៍​ដ៏​ដំ​បំផុត ព្រោះតែ​សន្តិភាព​ដែល​របប​លោក​ខិតខំ​ដណ្ដើម​បាន​និង​ការពារ​រហូត​មក។
បុរស​ម្នាក់​ដែល​មាន​បទ​ពិសោធ​រត់​រ៉ឺម៉ក​ម៉ូតូ​កង​បី​ជិត ១០​ឆ្នាំ នៅ​នៅ​តំបន់​ទេសចរ​ដ៏​​ធំ​មួយ នាទី​រួម​ខេត្ត​សៀមរាប លោក ធាតុ ថា រៀបរាប់​ថា ភាព​កក់ក្ដៅ​នៃ​សន្តិភាព​ដែល​លោក​ហ៊ុន សែន តែងតែ​អួត​នោះ គឺ​គ្រាន់តែ​ជា «ភាព​កក់ក្ដៅ​ដូច​ការ​អាំង​ផេះ» ប៉ុណ្ណោះ។ លោក​បន្ត​ថា ភ្ញៀវ​ទេសចរ មិន​ឃើញ​សម្រុក​មក​ប្រទេស​កម្ពុជា​ជា​ហូរហែ​ច្រើន ដូច​ការ​អះអាង​របស់​លោក ហ៊ុន សែន នោះ​ទេ។ «»
អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​កង​បី​រូប​នេះ បន្ថែម​ថា មូលហេតុ​ដែល​ភ្ញៀវ​ទេសចរ​អឺរ៉ុប​ធ្លាក់​ចុះ​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ប្រហែល​អាច​បណ្ដាល​មក​ពី​ជម្លោះ​នយោបាយ និង​បញ្ហា​អសន្តិសុខ​ក្នុង​សង្គម​ជាដើម។ លោក​ឲ្យ​ដឹង​ដែរ ថា ការ​ធ្លាក់​ចុះ​ភ្ញៀវ​ទេសចរណ៍​អឺរ៉ុប​នេះ ធ្វើ​ឲ្យ​អ្នកបម្រើ​សេវាកម្ម​ដឹក​ជញ្ជូន​ភ្ញៀវ​ដូច​លោក ពុំ​សូវ​រក​ចំណូល​បាន​ច្រើន​ដូច​មុន​ឡើយ។ «»
មិន​ខុសគ្នា​ប៉ុន្មាន​ឡើយ ប្រជាពលរដ្ឋ​ម្នាក់ទៀត រស់នៅ​ទី​រួម​ខេត្ត​ព្រះសីហនុ រៀបរាប់​ថា ក្នុង​ពេល​បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា ពុំ​ទាន់​មាន​សុខ​សន្តិភាព​ពេញលេញ ហើយ​ក្លាយ​ជា​គោលដៅ​ទេសចរណ៍​ធំ​បំផុត​មួយ​នៅ​អាស៊ី​នោះ​ទេ។ ការ​លើកឡើង​របស់​លោក ហ៊ុន សែន ប្រហែល​ជា​មាន​ចេតនា ចង់​បន្លំ​ភ្នែក​ប្រជាពលរដ្ឋ ដើម្បី​កេង​ចំណេញ​សន្លឹកឆ្នោត​ពី​រឿង​សន្តិភាព នៅ​ពេល​បោះឆ្នោត​មក​ដល់​ប៉ុណ្ណោះ។ «»
ការ​លើកឡើង​របស់​ប្រជាពលរដ្ឋ​នេះ បន្ទាប់​ពី​លោក ហ៊ុន សែន បាន​សរសេរ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​ថា សង្ក្រាន្ត​អង្គរ ឆ្នាំ​ថ្មី​កន្លង​ទៅ​នេះ​គឺ​បាន​ទាក់ទាញ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ មិន​ថា​តែ​នៅ​សៀមរាប​អង្គរ​ទេ គឺ​នៅ​តាម​តំបន់​សមុទ្រ​ក៏ មាន​ភ្ញៀវ​ទេសចរ​ច្រើន​ដែរ។ ទន្ទឹម​គ្នា​នេះ​លោក ហ៊ុន សែន អះអាង​ថា ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន ក៏បាន​ចេញ​ទៅ​កម្សាន្ត​នៅ​ក្រៅ​ប្រទេស​ដែរ ខណៈ​ដែល​ជើង​ហោះហើរ​កំពុង​ប្រកួតប្រជែង និង​មាន តម្លៃ​ថោក។
លោក ហ៊ុន សែន សរសេរ​បន្ថែម​ទៀត​ថា កម្ពុជា​ពេលនេះ កំពុង​ក្លាយ​ជា​ទិសដៅ​ទេសចរណ៍​ដ៏​ធំ បំផុត​មួយ​នៅ​អាស៊ី ខណៈ​ដែល​ជនរួមជាតិ​កំពុង​រស់នៅ​សុខសាន្ត និង​ស្រប​ពេល​ប្រទេសជាតិ​កំពុង រីកចម្រើន​បោះជំហាន​ទៅមុខ គឺ​ដោយសារ​តែ​មាន​សន្តិភាព​ពេញលេញ​អស់​រយៈ ពេល​ជាង​២០​ឆ្នាំ មក​ហើយ។ លោក ហ៊ុន សែន បន្ត​ថា មិន​ត្រូវ​អោយ​សន្តិភាព របូត​ចេញពី​ដៃ​នោះ​ទេ ទោះជា​ក្នុង​កាលៈទេសៈ​ណា​ក៏​ដោយ។
រីឯ​អ្នកស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម និង​ជា​អ្នកវិភាគ​ឯករាជ្យ​លោក​បណ្ឌិត មាស នី មាន​ប្រសាសន៍​ថា ថ្វី​ដ្បិតតែ​កម្ពុជា ពុំ​មាន​សង្គ្រាម​ប្រដាប់​អាវុធ ដូច​នៅ​ប្រទេស​ថៃ​ដែល​កំពុង​មាន​ជម្លោះ​ជាមួយ​មូស្លីម​ថៃ (Muslim) នៅ​ភាគ​ខាងត្បូង​ក្តី ប៉ុន្តែ​ចំនួន​ភ្ញៀវ​ទេសចរណ៍​បរទេស​ចូល​មក​កម្ពុជា នៅតែ​មិន​អាច ប្រៀបធៀប​ជាមួយ​ចំនួន​ភ្ញៀវ​ទេសចរ​នៅ​ប្រទេស​ថៃ និង​ប្រទេសជិតខាង​បាន​ដែរ។ «»
លោក​បណ្ឌិត មាស នី សម្ដែង​ការ​ព្រួយបារម្ភ​ដែរ​ថា ប្រសិនបើ​ស្ថានភាព​នយោបាយ​បន្ត​អាប់អួ​ទៀត នោះ វា​នឹង​អាច​នាំ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ដែរ។ លោក​បន្ថែម​ថា ទោះបីជា​រដ្ឋាភិបាល នៅតែ​ប្រកាន់​ជំហរ​ថា កម្ពុជា​មាន​សន្តិភាព​ក្តី ប៉ុន្តែ​ការពិត គឺ​នៅ​មិន​ទាន់​មាន​សន្តិភាព​ផ្លូវចិត្ត​ក្នុង ចំណោម​ប្រជាពលរដ្ឋ​ខ្មែរ​នៅឡើយ​ទេ បន្ទាប់​ពី​ឆន្ទៈ​អ្នកគាំទ្រ​គណបក្សប្រឆាំង​ជាង ៣​លាន ត្រូវ​បាន​របប​លោក ហ៊ុន សែន រំលាយ និង​រំលោភ​យក។ លោក​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល ត្រូវ​ធ្វើ​យ៉ាងណា​ធានា ឲ្យ​មានការ​ឯកភាព​ជាតិ​ឡើងវិញ។ «»
របាយការណ៍​ក្រសួងទេសចរណ៍​ស្ដីពី​ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ធ្វើដំណើរ​កម្សាន្ត​នៅ​កម្ពុជា ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃណី​ជាតិ ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា​នេះ បញ្ជាក់​ថា ស្ថិតិ​ភ្ញៀវ​ទេសចរ​ជាតិ​ដែល​ធ្វើដំណើរ​កម្សាន្ត​នៅ​ទូទាំង​ប្រទេស​កម្ពុជា ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី​ប្រពៃ ណី​ជាតិខ្មែរ មាន​ចំនួន​ជាង ៥​លាន ១​សែន​នាក់ (,១១២,៩៦៩)។ ចំណែក​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ចំនួន​ជិត ៩​ម៉ឺន​នាក់ (៨៨,១៩១​នាក់)។ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​បាន​ចូលរួម​ទស្សនា​ដំណើរ​កម្សាន្ត អង្គរ​សង្ក្រាន្ត​ខេត្ត​សៀមរាប​មាន​ចំនួន​ជិត ២​លាន​នាក់​។ ប៉ុន្តែ​ពលរដ្ឋ​ប្រកប​អាជីវកម្ម​អាស្រ័យ​វិស័យ​ទេសចរណ៍​បញ្ជាក់​ថា ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​កម្សាន្ត​នៅ​ខេត្ត​សៀមរាប​មាន​ចំនួន​តិចតួច ក្នុង​ពេល​ចូល​ឆ្នាំថ្មី។
ប្រជាពលរដ្ឋ និង​អ្នកវិភាគ ផ្ដល់​យោបល់​ថា ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​បាន​ច្រើន​នោះ របប លោក ហ៊ុន សែន និង​ប្រជាពលរដ្ឋ ត្រូវ​អនុវត្ត​លើ​ការ​ពង្រឹង​ធនធានមនុស្ស សេវាកម្ម អភិវឌ្ឍន៍​លើ​តំបន់​ទេសចរណ៍ រៀបចំ​សណ្ដាប់ធ្នាប់ និង​លុបបំបាត់​អំពើ​អសន្តិសុខ​ជាដើម។ លើស​ពី​នេះ របប លោក ហ៊ុន សែន ក៏​ល្មម​ដល់​ពេល​ដែល​គួរតែ​យក​បទពិសោធន៍​នៃ​វិនាសកម្ម​ពី​ការ​បែកបាក់​គ្នា​នេះ មក​ធ្វើជា​មេរៀន​ដើម្បី​ប្រែក្លាយ​ជាតិ​ឲ្យ​មាន​សាមគ្គីភាព និង​អភិវឌ្ឍ​ជាតិ​ឲ្យ​បាន​ត្រឹមត្រូវ​ពិតប្រាកដ​ជាជាង​គ្រាន់​អួត​ក្ដែងៗ ដើម្បី​ស្វែងរក​សន្លឹកឆ្នោត​ប៉ុណ្ណោះ៕
Share:

ពលរដ្ឋ​ដែល​ព្រម​ទទួល​សំណង​ពី​ក្រុមហ៊ុន​នៅ​សេសាន​ត្អូញ​ពី​ដំណោះស្រាយ​សំណង


ទិដ្ឋភាព​ទឹកជំនន់​នៅ​ខ្សែ​ទឹក​ខាង​លើ​នៃ​ភូមិ​ស្រែគរចាស់ ឃុំ​ស្រែគរ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង កាល​ពីថ្ងៃទី១៣ ខែ​តុលា ឆ្នាំ ២០១៧។ Photo Provided
ទិដ្ឋភាព​ទឹកជំនន់​នៅ​ខ្សែ​ទឹក​ខាង​លើ​នៃ​ភូមិ​ស្រែគរចាស់ ឃុំ​ស្រែគរ ស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង កាល​ពីថ្ងៃទី១៣ ខែ​តុលា ឆ្នាំ ២០១៧។ Photo Provided

ពលរដ្ឋ​ដែល​ទើបតែ​យល់ព្រម​ទទួល​សំណង ពី​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​ប្រមាណ​ជាង ៥០​គ្រួសារ​នៅ​ខេត្ត​ស្ទឹងត្រែង ត្អូញត្អែរ​ពី​ភាព​យឺតយ៉ាវ​ក្នុង​ការ​ផ្ដល់​សំណង​ដី​កសិកម្ម​ជូន​ពួកគាត់​ក្នុង​មួយ​គ្រួសារ ៥​ហិកតារ និង ២​ហិកតារ សម្រាប់​ពលរដ្ឋ​បំបែក​គ្រួសារ។ បញ្ហា​នេះ បង្ក​ឲ្យ​ពួកគាត់​ខកខាន​មិនបាន​ធ្វើ​កសិកម្ម​ចិញ្ចឹមជីវិត និង​ខ្វះខាត​ស្បៀងអាហារ។
ពលរដ្ឋ​រស់នៅ​ភូមិ​ស្រែគរ​ថ្មី ឃុំ​ស្រែគរ ស្រុក​សេសា​ន ឲ្យ​ដឹង​ថា អ្នកភូមិ​ដែល​ទើបតែ​យល់ព្រម​ទទួល​សំណង​ពី​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៅ​ឃុំ​ស្រែគរ ប្រមាណ ៥០​គ្រួសារ​ថ្មី​ទៀត​មិនទាន់​ទទួល​បាន​ដី​កសិកម្ម​ក្នុង​មួយ​គ្រួសារ ៥​ហិកតារ និង​២​ហិកតារ សម្រាប់​ពលរដ្ឋ​បំបែក​គ្រួសារ​នៅឡើយ​ទេ បើ​ទោះ​បី​ជា​ពួកគាត់​បាន​ស្នើ​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​ក្រុមហ៊ុន​ជាច្រើន​សា​ក្តី​។ ចំណែក​ពលរដ្ឋ​ជាង ៥​រយ​គ្រួសារ​ផ្សេងទៀត ដែល​ទទួល​បាន​ដី​កសិកម្ម ៥​ហិកតារ ភាគច្រើន​នៅ​មិនទាន់​អាច​ដាំ​ដុះ​បាន​ដែរ ដោយសារ​ដី​ដែល​ពួកគាត់​ទទួល​បាន​សុទ្ធ​សឹង​ជា​ដី​ព្រៃ​រេចរឹល ហើយ​ផ្នែក​ខ្លះ​ត្រូវ​ទឹក​លិច។
ពលរដ្ឋ​មួយ​គ្រួសារ​ដែល​យល់ព្រម​ទទួល​សំណង​រស់នៅ​ឃុំ​ស្រែគរ លោក សៀក ខាន់ ឲ្យ​ដឹង​នៅ​ថ្ងៃទី១៨ មេសា ថា គ្រួសារ​របស់​លោក​ទទួល​បាន​ដី​កសិកម្ម ២​ហិកតារ ជា​គោលនយោបាយ​សំណង​ជាង ២​ឆ្នាំ​មក​ហើយ ក្រុមហ៊ុន​មិនទាន់​វាស់វែង និង​កំណត់​ទីតាំង ឈូស​ឆាយ​ឲ្យ​បាន​ច្បាស់លាស់​ទេ បណ្ដាល​ឲ្យ​លោក​គ្មាន​ដី​ធ្វើ​កសិកម្ម​ឆ្នាំនេះ ខណៈ​រដូវវស្សា​កាន់តែ​កៀក​មកដល់។ លោក​អង្កេត​ឃើញ​ថា អ្នកភូមិ​ស្រែគរ​ថ្មី​ប្រមាណ ៧០​ភាគរយ នៅ​មិនទាន់​អាច​មាន​លទ្ធភាព​ធ្វើ​កសិកម្ម​លើ​ដី​ដែល​ក្រុមហ៊ុន​ផ្តល់​ជូន​នៅឡើយ​ទេ ហើយ​ដី​ប្រមាណ​ជាង ២​ពាន់ ៥​រយ​ហិកតារ (.៥០០)​នោះ​ភាគច្រើន​សំបូរ​ដោយ​ព្រៃ​រេចរឹល ហើយ​នៅ​តំបន់​ខ្លះ​ជា​ដី​ទួល​ខ្ពស់ និង​ផ្នែក​ខ្លះ​ជា​ដី​លិច​ទឹក៖ «អ្នក​មក​មុនគេ​បាន តែ​អ្នក​ក្រោយ​មិនទាន់​បានទេ។ បំបែក​គ្រួសារ​មិន​ទាន់​បាន ក្រុមហ៊ុន​ថា​ថ្ងៃនេះ ថ្ងៃ​នោះ​។ ខ្ញុំ​ពិបាក​ណាស់​អត់​មាន​ដី​ធ្វើស្រែ»
ពលរដ្ឋ​ម្នាក់ទៀត​រស់នៅ​ភូមិ​ស្រែគរ​ថ្មី ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ដោយ​បារម្ភ​ពី​សុវត្ថិភាព ឲ្យ​ដឹង​ថា ដី​កសិកម្ម​របស់​ពលរដ្ឋ ៣០​គ្រួសារ ត្រូវ​ទឹក​លិច​មិន​អាច​ធ្វើ​កសិកម្ម​បាន ហើយ​ក្រុមហ៊ុន និង​អាជ្ញាធរ​នៅ​មិនទាន់​ដោះស្រាយ​នៅឡើយ​ទេ។ លោក​ថា ដី​កសិកម្ម​ដែល​លោក​ទទួល​បាន​ពី​ក្រុមហ៊ុន ៥​ហិកតារ ត្រូវ​ទឹក​លិច​អស់​ហើយ ដី​៣​ហិកតារ​ទៀត នៅ​មិនទាន់​ត្រូវ​បាន​ក្រុមហ៊ុន​ផ្ដល់​ទីតាំង​ផ្សេង​ជំនួស​នៅឡើយ ដែល​នាំ​ឲ្យ​គ្រួសារ​របស់​លោក​ខកខាន​មិន​អាច​ដាំ​ដុះ​បាន និង​ប្រឈម​ខ្វះខាត​ស្បៀង​នា​ពេល​ខាងមុខ៖ «ទឹក​លិច​អស់ហើយ​ដី​៥​ហិកតារ ឲ្យ​ឈូស​ថ្មី​មិនទាន់​ឈូស​ថ្មី​។ បើ​ខ្ញុំ​ទទួល​បាន​ដី ៥​ហិកតារ​កន្លង​មក​គឺ​ខ្ញុំ​អត់បាយ»
ដី​ព្រៃ​ស្រោង​ជាង ២​ពាន់​ហិកតារ (.៥០០របស់​រដ្ឋ ឋិត​ក្នុងស្រុក​សេសាន ខែត្រ​ស្ទឹងត្រែង ត្រូវ​បាន​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ឈូស​ឆាយ​កំណត់​ជា​គោលនយោបាយ​សំណង និង​បែង​ចែក​ជូន​ពលរដ្ឋ​មួយ​គ្រួសារ ៥​ហិកតារ ស្មើ​ៗ​គ្នា រីឯ​ពលរដ្ឋ​បំបែក​គ្រួសារ​ក្រុមហ៊ុន​សម្រេច​ផ្ដល់​ជូន ២​ហិកតារ​ផ្សេងទៀត។
មេឃុំ​ស្រែគរ​ថ្មី មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ហ្វឿន ជឿន លើកឡើង​ថា អាជ្ញាធរ​បាន​កំណត់​ដី​ផ្ដល់​សំណង​ជូន​ពលរដ្ឋ​ដែល​ទើបតែ​ព្រម​ទទួល​សំណង​នៅ​ឃុំ​ស្រែគរ​រួចហើយ តែ​មន្ត្រី​សូរិយោ​ដី​នៅ​មិនទាន់​ចុះ​វាស់វែង និង​បង់​លេខ​ឲ្យ​ពួកគាត់​ចាប់ឆ្នោត​នៅឡើយ​ទេ ដោយសារ​រវល់​បុណ្យ​ចូលឆ្នាំថ្មី​។ លោក​ទទួល​ស្គាល់​ថា ពលរដ្ឋ​នៅតែ​ប្រឈម ខកខាន​មិន​អាច​ធ្វើ​កសិកម្ម​បាន ដោយសារ​ដំណោះស្រាយ​បញ្ហា​ដីធ្លី​មួយ​ចំនួន នៅ​មិនទាន់​ដោះស្រាយ​ចប់៖ «បើ​និយាយ​ទៅ គាត់​កៀក​មែន ខាង​ខេត្ត និង​ក្រុមហ៊ុន ដូច​យឺតយ៉ាវ​ពេក រាល់​ថ្ងៃ​នេះ​ពិបាក។ បើ​ពលរដ្ឋ​គាត់​ព្រួយបារម្ភ​អ៊ីចឹង វា​ពិបាក​ហើយ​ធ្វើ​ម៉េច​ធ្លាក់​ភ្លៀង​មួយ​មេ​ពី​មេ​ហើយ»
មេឃុំ​ជាប់ឆ្នោត​មកពី​គណបក្ស​សង្គ្រោះជាតិ លោក សៀក មេគង្គ អង្កេត​ឃើញ​ថា ច្រើន​ឆ្នាំ​មក​ហើយ​ដែល​ពលរដ្ឋ​ខកខាន​មិន​អាច​ដាំ​ដុះ​បាន ដោយសារ​ភាព​មិន​ច្បាស់លាស់​ក្នុង​ការ​ភ្ជួរ​រាស់​ដីធ្លី និង ភាព​យឺតយ៉ាវ​ក្នុង​ការ​ផ្ដល់​សំណង​របស់​ក្រុមហ៊ុន។ លោក​ថា រហូត​មក​ទល់​ពេលនេះ​ពលរដ្ឋ​តិច​តូច​ណាស់ ដែល​មាន​លទ្ធភាព​ដាំ​ដុះ​បាន និង​ភ្ជួរ​រាស់​ដោយ​ខ្លួនឯង ដោយសារ​ដី​កសិកម្ម​ដែល​ក្រុមហ៊ុន​ចែក​ជូន​ពលរដ្ឋ​ភាគច្រើន​ជា​ដី​នៅ​តំបន់​ព្រៃ​រេចរឹល និង​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ក្នុង​ការ​កាប់​រាន និង​ឈូស​ឆាយ៖ «ប្រជាពលរដ្ឋ​បើ​និយាយ​រួម​ទៅ ខ្ញុំ​ឲ្យ​ផ្ដល់​យោបល់​គាត់ តែ​គាត់​មិន​ហ៊ាន​ទេ មិនមែន​សេរីភាព​ដូច​មុន​ទេ ជួបជុំគ្នា ២០​នាក់ បដិវត្ត​ពណ៌​។ គាត់​មក​សំណូមពរ​ខ្ញុំ គ្មាន​ពី​ណា​ហ៊ាន​និយាយ​ទេ មានតែ​ខ្ញុំ​ចេញ​មតិយោបល់​តាម​អាស៊ីសេរី​រហូត»
មក​ទល់​ពេល​នេះ ពលរដ្ឋ​ដែល​យល់ព្រម​ទទួល​សំណង​ផល​ប៉ះពាល់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៅ​ឃុំ​ស្រែគរ និង​បាន​មក​តាំងទី​លំនៅ​ថ្មី នៅ​តំបន់​នោះ​មាន​ចំនួន​ជាង ៥២០​គ្រួសារ​ក្នុងចំណោម​ពលរដ្ឋ ៥៧០​គ្រួសារ ហើយ​បច្ចុប្បន្ន​នៅសល់​ពលរដ្ឋ ៥០​គ្រួសារ​នៅ​ឃុំ​ស្រែគរ និង​ពលរដ្ឋ ៥៨​គ្រួសារ​នៅ​ឃុំ​ក្បាល​រមាស មិន​ព្រម​ទទួលយក​គោលនយោបាយ​សំណង ខណៈ​ដែល​ផ្ទះ​របស់​ពួកគេ​ត្រូវ​ទឹក​លិច​ទាំងស្រុង៕
Share:

កូន​ប្រសារ​លោក ហ៊ុន សែន ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ទូរគមនាគមន៍​កម្ពុជា


លោក សុខ ពុទ្ធិវុធ នៅ​ក្នុង​ពិធី​សម្ភោធ​សមិទ្ធផល​ផ្សេងៗ ក្នុង​វត្ត​ព្រៃ​មៀន ស្ថិត​ក្នុង​ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្តតាកែវ នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០១៧។ រូបថត​ផ្សព្វផ្សាយ​លើ​​ទំព័រ​ហ្វេសប៊ុក​រដ្ឋបាល​ខេត្ត​តាកែវ
លោក សុខ ពុទ្ធិវុធ នៅ​ក្នុង​ពិធី​សម្ភោធ​សមិទ្ធផល​ផ្សេងៗ ក្នុង​វត្ត​ព្រៃ​មៀន ស្ថិត​ក្នុង​ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្តតាកែវ នៅ​ថ្ងៃ​ទី​១៩ ខែ​តុលា ឆ្នាំ​២០១៧។ រូបថត​ផ្សព្វផ្សាយ​លើ​​ទំព័រ​ហ្វេសប៊ុក​រដ្ឋបាល​ខេត្ត​តាកែវ

កូន​ប្រុស​ច្បង​របស់​លោក សុខ អាន អតីត​រដ្ឋមន្រ្តី​ទីស្តីការគណៈរដ្ឋមន្រ្តី និង​ជា​កូន​ប្រសារ​របស់​លោក ហ៊ុន សែន គឺ​លោក សុខ ពុទ្ធិវុធ ដែល​ល្បី​ឈ្មោះ​ជំនាញ​ខាង​បាញ់​សម្លាប់​សត្វ​ព្រៃ​រំលោភ​ច្បាប់​នៅ​កម្ពុជា និង​មាន​ទ្រព្យ​សម្បតិ្ត​មហាសាល​ទាំង​នៅ​វ័យ​ក្មេង​នោះ ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ទូរគមនាគមន៍​កម្ពុជា សម្រាប់​អាណត្តិ​ទី​៥ ឆ្នាំ​២០១៨ នេះ។
ការ​តែង​តាំង​នេះ គឺ​ជា​ការ​បន្ថែម​ទៅ​លើ​មុខ​តំណែង​មួយ​ចំនួន​ធំ​របស់​លោក ដែល​មាន​ស្រាប់ ក្នុង​តំណែង​ទាំង​នោះ រួម​មាន ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ជា​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា។ ពិធី​តែង​តាំង​លោក សុខ ពុទ្ធិវុធ នេះ ត្រូវ​មន្រ្តី​របប​លោក ហ៊ុន សែន អះអាង​ថា គឺ​ដើម្បី​ពង្រឹង និង​ពង្រីក​ការងារ​អាជីវកម្ម​ក្នុង​ទីផ្សារ ប្រកួត​ប្រជែង និង​បន្ត​អភិវឌ្ឍន៍​វិស័យ​ទូរគមនាគមន៍​នៅ​កម្ពុជា។
ទូរគមនាគមន៍​កម្ពុជា ឬ​ហៅ​ជា​ភាសា​អង់គ្លេស​ថា Telecom Cambodia គឺ​ជា​ក្រុមហ៊ុន​របស់​រដ្ឋ ដែល​ត្រូវ​បាន​បង្កើត​ឡើង កាល​ពី​ឆ្នាំ​២០០៥ ដើម្បី​ធ្វើ​ប្រតិបត្តិការ​បណ្តាញ និង​ផ្តល់​សេវាកម្ម​ទូរគមនាគមន៍​ដ៏​ទូលំទូលាយ ទាំង​នៅ​ក្នុង និង​នៅ​ក្រៅ​ប្រទេស និង​ចូលរួម​ចំណែក​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ទូរគមនាគមន៍ និង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​នៅ​កម្ពុជា។ កាល​ពី​ពេល​អតីតកាល ក្រុមហ៊ុន​រដ្ឋ​មួយ​នេះ ធ្លាប់​ជួប​ប្រទះ​នូវ​រឿងរ៉ាវ​អាស្រូវ​ពុក​រលួយ​ផ្ទៃក្នុង កឹបកេង​ប្រាក់​ចំណូល​រដ្ឋ ដោយសារ​ការ​គ្រប់គ្រង​មិន​ត្រឹមត្រូវ និង​បាន​បណ្តាល​ឲ្យ​មាន​ការ​ផ្ទុះ​ការ​តវ៉ា​ពី​បុគ្គលិក ជា​ច្រើន​លើក​ច្រើន​សា។ ដោយសារ​មូលហេតុ​នេះ ក្រុមហ៊ុន​រដ្ឋ​មួយ​នេះ នៅ​តែ​មិន​ទាន់​អាច​ដាក់​បញ្ចូល​ទៅ​ក្នុង​បញ្ជី​ដាក់​លក់​ទីផ្សារ​មូលបត្រ​កម្ពុជា CSX ដូច​ក្រុមហ៊ុន​រដ្ឋ​ដទៃ​ទៀត​បាន​នៅ​ឡើយ​ទេ រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ។
លោក សុខ ពុទ្ធិវុធ កើត​ក្នុង​ឆ្នាំ​១៩៨០ គឺ​ជា​កូន​ប្រុស​ម្នាក់​ក្នុង​ចំណោម​កូន ៥​នាក់ របស់​លោក សុខ អាន។ លោក​បាន​រៀបការ​ជាមួយ​កូន​ស្រី​ពៅ​របស់​លោក ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ម៉ាលី។ មួយ​ខែ​ក្រោយ​មរណភាព​ឪពុក​របស់​លោក កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០១៧ ក្នុង​រូប​ភាព​បែក​ធ្លាយ​ជា​ច្រើន​នៅ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក បង្ហាញ​ថា លោក សុខ ពុទ្ធិវុធ គឺ​ជា​អ្នក​ចូល​ចិត្ត​បាញ់​សម្លាប់​សត្វព្រៃ ដែល​ជា​អំពើ​ល្មើស​ច្បាប់​មួយ​នៅ​កម្ពុជា ហើយ​ដែល​អាច​ប្រឈម​នឹង​ការ​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ ដល់ ៥​ឆ្នាំ។
របាយការណ៍​អង្គការ​ឃ្លាំ​មើល​ពិភពលោក Global Witness ស្តីពី​ការ​ក្តោបក្តាប់​អាជីវកម្ម​នៅ​កម្ពុជា របស់​អធិរាជ​ត្រកូល ហ៊ុន ឲ្យ​ដឹង​ថា ទាំង​លោក សុខ ពុទ្ធិវុធ និង​ទាំង​ភរិយា​របស់​លោក គឺ​ជា​ម្ចាស់​ក្រុមហ៊ុន​អាជីវកម្ម​ខ្នាត​ធំ​យ៉ាង​ហោច​ណាស់ ១៣​ក្រុមហ៊ុន​នៅ​កម្ពុជា ដែល​មាន​ទឹក​ប្រាក់​វិនិយោគ​រាប់​រយ​លាន​ដុល្លារ រក​ស៊ី​ខាង​វិស័យ​សំណង់ ថាមពល នាវា​ដឹក​ភ្ញៀវ​ទេសចរ ភោជនីយដ្ឋាន និង​លក់​ថ្នាំ​ពេទ្យ​ជា​ដើម។
កូនៗ របស់​លោក សុខ អាន សុទ្ធតែ​មាន​តួនាទី​ធំៗ ក្នុង​ជួរ​របប​លោក ហ៊ុន សែន ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​អំពើ​បក្ស​ពួក​ខ្សែ​ស្រឡាយ​និយម​ជា​ប្រព័ន្ធ​នៅ​ក្នុង​របប​នេះ។ កូន​ប្រុស​ទី​២ លោក សុខ អាន គឺ​លោក សុខ សូកេន មាន​តួនាទី​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស ហើយ​ជា​កូន​ប្រសារ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​លោក ចម ប្រសិទ្ធ។ កូន​ប្រុស​ទី​៣ គឺ​លោក សុខ សូកាន ជា​តំណាង​រាស្ត្រ​មណ្ឌល​តាកែវ និង​កូន​ប្រុស​ពៅ គឺ​លោក សុខ សង្វារ គឺ​ជា​អគ្គនាយក​រង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា។ កាល​នៅ​មាន​ជីវិត ឪពុក​របស់​លោក គឺ​លោក សុខ អាន ត្រូវ​បាន​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ ដាក់​រហ័ស្សនាម​ឲ្យ​ថា ជា «ព្រះនរាយណ៍» ដែល​គ្រប់គ្រង​ស្ថាប័ន​រដ្ឋ​រហូត​ដល់​ទៅ ៤៨​ស្ថាប័ន ដែល​សុទ្ធតែ​ជា​ស្ថាប័ន​ក្តោបក្តាប់​ចំណូល​ជាតិ​សំខាន់ៗ នៅ​ទូទាំង​ប្រទេស៕
Share:

ព្រឹទ្ធសភា​កម្ពុជា​​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ការពារ​សុខភាព​សាធារណៈ ពេល​មាន​អាសន្ន


ព្រឹទ្ធសភាកម្ពុជា

«ប៉ុន្តែ យើង​ផ្តល់​ឲ្យ​អាជ្ញាប័ណ្ណ ក៏យើង​ជូន​ព័ត៌មាន​ទៅ​អគ្គ​ក្រុមប្រឹក្សា​នៃ​អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ពាណិជ្ជកម្ម​​ពិភពលោក​ដែរ​ មុន​នឹង​ប្រតិបត្តិ​នៅ​កម្ពុជា​នេះ»។


ព្រឹទ្ធសភា​កម្ពុជា​សម្រាប់​នីតិកាលទីបី​ ដែល​ជិតនឹង​ផុតអាណត្តិ​ បាន​ផ្តល់​សេចក្តី​ទុកចិត្ត​ ​ឲ្យ​មានការ​ប្រើបា្រស់​ ​អាជ្ញាប័ណ្ណបញ្ជា​សម្រាប់​សុខភាព​សាធារណៈ​ ​ដែល​មាន​វិសាល​ភាព​ពាក់​ព័ន្ធនឹង​ផលិត​ផល​ឱសថ​ ​ដែល​ការពារ​ដោយ​ប្រកាស​នីយបត្រតក្កកម្ម​ ក្នុង​កាលៈទេសៈ​ប្រទេស​ជាតិ​មាន​ភាព​អាសន្ន​ ឬកាលៈទេសៈ​បន្ទាន់​បំផុត។​
ព្រឹទ្ធសភាកម្ពុជា ដែល​គ្របដណ្តប់​ដោយ​សមាជិក​មកពី​គណបក្ស​កាន់​អំណាច​បាន​បោះ​ឆ្នោត​ អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តីពី​ ​អាជ្ញាប័ណ្ណ​បញ្ជា​សម្រាប់​សុខភាព​សាធារណៈ​ ​ដើម្បី​ជំរុញ​ការ​ទទួល​បាន​នូវ​ផលិត​ផល​ឱសថ។​ ​នេះបើ​យោង​តាម​សេចក្តី​ប្រកាស​របស់​ព្រឹទ្ធសភា​ដែល​ចេញ​ផ្សាយ​ជា​សាធារណៈ​នៅថ្ងៃ​ពុធ។​
យោង​តាម​សេចក្តី​ប្រកាស​ចុះថ្ងៃ​ទី​១៨​ ខែ​មេសា​ ឆ្នាំ​ ​២០១៨​ ​បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ ​មាន​សមាជិក​ព្រឹទ្ធសភា​ចំនួន​៤៧រូប​ ក្នុង​ចំណោម​សមាជិក​ទាំង​អស់​៤៨រូប​ ​ដែល​បានបោះឆ្នោត​អនុម័ត​សេចក្តី​ព្រាងច្បាប់​នេះ។​
រូបឯកសារ៖ លោក សាយ​ ឈុំ​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ នៅក្នុង​ថ្ងៃទី១​ នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ​ សង្កាត់​ ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃ​ទី២០​ ខែ​ឧសភា​ ឆ្នាំ​២០១៧។
រូបឯកសារ៖ លោក សាយ​ ឈុំ​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ នៅក្នុង​ថ្ងៃទី១​ នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ​ សង្កាត់​ ក្នុង​រាជធានី​ភ្នំពេញ​ នៅថ្ងៃ​ទី២០​ ខែ​ឧសភា​ ឆ្នាំ​២០១៧។

សេចក្តី​ប្រកាស​របស់​ព្រឹទ្ធសភា​ដឹកនាំដោយ​លោក​ សាយ ឈុំ​ ដែល​ជា​អនុប្រធាន​គណបក្ស​ប្រជា​ជន​កម្ពុជា​ ​បាន​បញ្ជាក់​ឲ្យ​ដឹង​តាម​ន័យដើមថា៖​
«​សេចក្តី​ព្រាងច្បាប់​ស្តីពី​ ​អាជ្ញាប័ណ្ណ​បញ្ជា​សម្រាប់​សុខភាព​សាធារណៈ​មាន​…​គោល​បំណង​លើក​កម្ពស់​សិទ្ធិ​ទទួល​បាន​នូវផលិតផល​ឱសថ​ ​សម្រាប់​សុខភាព​សាធារណៈ​ ​តាម​រយៈការ​ផ្តល់​អាជ្ញា​ប័ណ្ណ​បញ្ជា​ឲ្យ​ផលិត​នាំចេញ​ ​និងនាំចូល​នូវ​ផលិតផល​ឱសថ ​ក្នុង​កាលៈទេសៈ​ប្រទេស​ជាតិ​មាន​អាសន្ន ឬកាលៈទេសៈ​បន្ទាន់​ផ្សេង​ទៀត​ ឬប្រើ​ប្រាស់​ជាសាធារណៈ​មិនមាន​លក្ខណៈ​ពាណិជ្ជកម្ម​ ឬ​ស្ថាន​ភាព​សុខភាព​សាធារណៈ​ផ្សេង​ទៀត​ ​ដែល​កំណត់​ដោយ​ក្រសួង​សុខាភិបាល»។​
រូបឯកសារ៖ លោក ម៉ម ប៊ុនហេង (ខាងឆ្វេង) រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ កំពុង​បំភ្លឺ​ក្នុង​រដ្ឋសភា​ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​ក្នុង​វិស័យ​សុខាភិបាល​នៅថ្ងៃ​ទី២៩ ខែធ្នូ ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)
រូបឯកសារ៖ លោក ម៉ម ប៊ុនហេង (ខាងឆ្វេង) រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​ កំពុង​បំភ្លឺ​ក្នុង​រដ្ឋសភា​ពាក់ព័ន្ធ​នឹង​ភាព​មិន​ប្រក្រតី​ក្នុង​វិស័យ​សុខាភិបាល​នៅថ្ងៃ​ទី២៩ ខែធ្នូ ឆ្នាំ២០១៦។ (កាន់ វិច្ឆិកា/VOA)

លោក​ ​ម៉ម ប៊ុនហេង​ ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ បាន​ថ្លែង​ប្រាប់​អង្គព្រឹទ្ធសភា​ថា​ ​នៅ​មុន​ពេល​ដាក់​ឲ្យ​ប្រតិបត្តិការ​នៃ​អាជ្ញាបណ្ណ​បញ្ជានេះ​នៅ​ប្រទេស​កម្ពុជា​ ​រដ្ឋាភិបាល​កម្ពុជា​ត្រូវផ្តល់​ដំណឹង​ដល់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ផងដែរ។​ ​នេះបើតាម​ឃ្លីបវេដេអូរបស់​ព្រឹទ្ធសភា​ដែល​ចែក​រំលែក​ដល់​អ្នក​សារព័ត៌មាន​តាមប្រព័ន្ធ​ទំនាក់​ទំនង​សង្គម​តេឡេក្រាម​ ​(Telegram)។​
​លោក​ ម៉ម ប៊ុនហេង​ ត្រូវបាន​ឃើញ​ក្នុង​ឃ្លីប​វេដេអូ​នោះ​ និង​ថ្លែង​ថា៖​
«ប៉ុន្តែ​ យើង​ផ្តល់​ឲ្យ​អាជ្ញាប័ណ្ណ​ ក៏យើង​ជូនព័ត៌មាន​ទៅ​អគ្គ​ក្រុមប្រឹក្សា​នៃ​អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ ​ពាណិជ្ជកម្មពិភពលោក​ដែរ​ មុននឹង​ប្រតិបត្តិ​នៅ​កម្ពុជានេះ»។​
VOA​ ​មិន​ទាន់​អាច​ទាក់​ទង​លោក​ ​ម៉ម ប៊ុនហេង​ ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​ ដើម្បីសុំការ​អធិប្បាយ​បន្ថែម​ពីលោក​បាន​ទេ​ នៅថ្ងៃ​ពុធ​នេះ​ ​ដោយ​ទូរស័ព្ទ​លោក​រោទ៍តែគ្មាន​អ្នក​ទទួល។​
យោង​តាម​សេចក្តី​ប្រកាស​ដដែល​របស់​ព្រឹទ្ធសភា​ ​បាន​ឲ្យដឹង​សេចក្តី​ព្រាងច្បាប់​ស្តីពី​ អាជ្ញាប័ណ្ណ​បញ្ជា​សម្រាប់​សុខភាព​សាធារណៈ​ ក៏​មាន​គោលដៅ​កំណត់​លក្ខខណ្ឌ​ បែប​បទ​ ​និង​នីតិវិធី​នៃការ​ផ្តល់​ និង​ការ​អនុវត្ត​ន៍អាជ្ញាប័ណ្ណ​បញ្ជា​សម្រាប់​សុខភាព​សាធារណៈ។
សេចក្តី​ព្រាង​ច្បាប់​ដែល​មាន​៥ជំពូក​ ​និង​មាន​មាត្រា​២៤នេះ​ មាន​វិសាល​ភាពពាក់​ព័ន្ធ​នឹង​ផលិត​ផល​ឱសថ​ ដែល​ការពារ​ដោយ​ប្រកាស​នីយបត្រ​តក្កកម្ម ​ក្នុង​កាលៈទេសៈ​ប្រទេស​ជាតិ​មាន​ភាព​អាសន្ន​ ឬ​កាលៈទេសៈ​បន្ទាន់​បំផុត។
លោក​ ​អ៊ុំ សារិទ្ធ​ ​អគ្គលេខាធិការ​ និងជា​អ្នកនាំពាក្យ​ព្រឹទ្ធសភា​ មិន​ធ្វើការ​អធិប្បាយ​បន្ថែម​ទៅលើ​ខ្លឹម​សារ​នៃ​សេចក្តីព្រាង​ច្បាប់​ដែល​ទើប​តែ​នឹង​ត្រូវបាន​អនុម័ត​ ដោយព្រឹទ្ធ​សភា។​ ​លោក​បាន​បង្វែរ​សំណួរ​ ទៅ​លើ​អ្នកស្រី​ មាន​ សំអាន​ ប្រធាន​គណៈកម្មាធិការ​សុខាភិបាល​ ​និង​សង្គមកិច្ច​នៃ​ព្រឹទ្ធ​សភា​។​
អ្នកស្រី​ ​មាន សំអាន​ ​សមាជិក​ព្រឹទ្ធ​សភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ប្រធាន​គណៈ​កម្មា​ធិការ​សុខាភិបាល​ ​និង​សង្គម​កិច្ច​នៃ​ព្រឹទ្ធសភា​ ​មាន​ប្រសាសន៍​ថា​ ​សេចក្តី​ព្រាង​ច្បាប់​ ​អាជ្ញាប័ណ្ណ​បញ្ជា​សម្រាប់​សុខភាព​សាធារណៈ​មាន ​គោល​ដៅបម្រើ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ នៅពេល​មាន​គ្រោះ​អាសន្ន​ណាមួយ​កើត​ឡើង​ ពោល​គឺ គ្រោះ​ធម្ម​ជាតិ​ជាដើម។​
អ្នកស្រី​មាន​ប្រសាសន៍​ថា៖​
«ជាការពិត​ហើយ​ នៅពេល​ដែលប្រទេស​យើង​មាន​ករណី​គ្រោះអាសន្ន​ធ្ងន់​ធ្ងរ​ដូច​ជាគ្រោះ​ធម្ម​ជាតិ ឬក៏គ្រោះ​បង្កឡើង​ដោយ​មនុស្ស​ក្តី​ ដូច្នេះ​គឺអាច​បញ្ជា​បាន​ ដើម្បី​ធ្វើ​យ៉ាងណា​ធានាបាន​នៅក្នុង​ការ​ការ​ពារ​នូវ​ ផ្តល់​នូវ​សេវា​សុខភាព​សាធារណៈ​ ដើម្បី​ឲ្យ​ទាន់​ពេល​វេលា​ នៅពេលដែល​មាន​ ប្រទេស​យើង​ដែល​មាន​គ្រោះអាសន្ន​អ្វីមួយ»។​
​អ្នកស្រី​មានប្រសាសន៍​បន្តថា​ ​ការ​បញ្ជាទិញ​ឱសថ​ ​អាចនឹង​ធ្វើឡើង​ ទៅតាម​កាលៈទេសៈ​ នៃ​ស្ថានភាព​ឆ្លង​របស់មេរោគ​ជាក់​លាក់​ណាមួយ។​
អ្នកស្រី​ថ្លែង​ថា៖​
«ប្រភេទ​ឱសថ​ហ្នឹង​ សំខាន់​សំដៅថា​ តើ​បញ្ហា​អី​ដែល​ជាបញ្ហា​ ជាបន្ទាន់​ ឧទាហរណ៍​ដូច​ជា​ បញ្ហា​គ្រោះអាសន្ន​ដែល​បង្កឡើង​ដោយ​ជំងឺ​ឆ្លង​ ឬក៏អាសន្ន​រោគ​ ឬក៏បញ្ហា​អី​មួយ​ ហើយ​ទាម​ទារ​ចាំបាច់​ត្រូវ​តែ​ធ្វើ​ជា​បន្ទាន់​នោះ​ គឺវា​ទៅ​ អាស្រ័យ​ទៅ​ដោយ​ស្ថានភាព​ជាក់​ស្តែង​នៅពេល​វេលា​នីមួយៗ»។​
ការប្រជុំ​ព្រឹទ្ធសភា​កម្ពុជា​សម្រាប់​នីតិកាល​ទីបី​ ដែល​ជិតនឹង​ផុតអាណត្តិ​នេះ​ កើតមាន​ឡើង​ ក្រោយ​ការ​បោះឆ្នោត​ព្រឹទ្ធសភា​ដ៏ចម្រូង​ចម្រាសកាលពី​ខែកុម្ភៈ​ឆ្នាំ​ ២០១៨​ ដោយ​គ្មាន​ការ​ចូលរួម​ពី​គណ​បក្ស​ប្រឆាំង​សង្គ្រោះជាតិ​ ដែល​ត្រូវបាន​រំលាយ​តាម​បណ្តឹង​របស់​រដ្ឋាភិបាល។ ​ការ​បោះឆ្នោត​នេះ​ ​បាន​រងការ​រិះគន់​ពីសហគមន៍​អន្តរជាតិ​ ដែលជាប្រទេស​លើក​កម្ពស់​ការ​គោរព​សិទ្ធិមនុស្ស​ និង​សិទ្ធិ​នយោបាយ​ថា ជា​ការ​បោះឆ្នោត​ដែលមិន​ត្រូវបាន​ធ្វើឡើង​តាម​គោលការណ៍​ប្រជាធិបតេយ្យ​ពេញ​លេញ​ ​ពោល​គឺ​មា​នការ​បិទសំឡេង​អ្នកជំទាស់។​
យ៉ាង​ណាក្តី​ ព្រះមហាក្សត្រ​ព្រះករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ​នរោត្តម​ ​សីហមុនី​ ​នឹង​យាង​ធ្វើ​ជា​ព្រះរាជ​អធិបតី កិច្ចប្រជុំ​នីតិកាល​ទីបួន​លើកដំបូង​របស់​ព្រឹទ្ធសភា​ ​ដែល​បន្តស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​គណបក្ស​កាន់​អំណាច នៅថ្ងៃទី​២៣​ ​ខែមេសា​ ​ខាងមុខ៕​
Share: